Amazon ទំនងវិនិយោគរហូតដល់ ៥០ពាន់លានដុល្លារក្នុង OpenAI នៅប៉ុន្មានសប្ដាហ៍ខាងមុខ
30-01-2026 09:28
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Amazon កំពុងស្ថិតក្នុងការពិភាក្សាដើម្បីវិនិយោគទឹកប្រាក់រហូតដល់ ៥០ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុនបញ្ញាសិប្បនិម្មិតដ៏ល្បី OpenAI ដែលជាម្ចាស់កម្មវិធីដ៏ពេញនិយម ChatGPT។ នេះបើយោងតាមប្រភពព័ត៌មានដែលត្រូវបានរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗ និងត្រូវបានចុះផ្សាយបន្តដោយសារព័ត៌មាន CNBC នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។
ប្រសិនបើកិច្ចព្រមព្រៀងនេះកើតមានតាមជាក់ស្តែង វានឹងក្លាយជាការវិនិយោគដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រផ្នែក AI ក្នុងចំណោមការវិនិយោគដ៏ធំផ្សេងទៀត ហើយអាចធ្វើឱ្យ Amazon ក្លាយជាអ្នកគាំទ្រធំម្នាក់របស់ OpenAI។ របាយការណ៍បង្ហាញថា OpenAI កំពុងស្វែងរកមូលនិធិថ្មីសរុបប្រហែល ១០០ពាន់លានដុល្លារ ដែលអាចធ្វើឱ្យតម្លៃក្រុមហ៊ុនឡើងដល់ប្រហែល ៨៣០ពាន់លានដុល្លារ។ ការពិភាក្សាត្រូវបានរាយការណ៍ថា មានការចូលរួមដោយផ្ទាល់ពី CEO របស់ Amazon គឺ Andy Jassy និង CEO របស់ OpenAI គឺ Sam Altman។ លើសពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតដូចជា SoftBank, Microsoft និង Nvidia ក៏ត្រូវបានរាយការណ៍ថាកំពុងពិចារណាវិនិយោគបន្ថែមក្នុងចំនួនដ៏ច្រើនផងដែរ។
គួរជម្រាបថា វិស័យ AI កំពុងប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងរវាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដោយសារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្លាយជាចំណុចស្នូលសម្រាប់អនាគតសេដ្ឋកិច្ចឌីជីថល។ សម្រាប់ Amazon ការវិនិយោគនេះក៏អាចពាក់ព័ន្ធនឹងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែក Cloud និងមូលដ្ឋានគ្រឿងបរិក្ខារ AI របស់ខ្លួនតាមរយៈ AWS ផងដែរ។ ទោះជាយ៉ាងណា ប្រភពបានបញ្ជាក់ថា ការចរចានៅតែបន្ត ហើយមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការនៅឡើយទេ ដូច្នេះចំនួនទឹកប្រាក់វិនិយោគចុងក្រោយអាចផ្លាស់ប្តូរបាន៕










