ដល់ក! ១៣ក្លឹបរបស់ចិន ត្រូវរងទណ្ឌកម្មដ៏ធ្ងន់ធ្ងរ ពីបទពុករលួយ និងរៀបចំលទ្ធផលទុកមុន

30-01-2026 09:44

(បរទេស)៖ បណ្តាក្លឹបបាល់ទាត់អាជីពរបស់ចិនមានដល់ទៅ ១៣ក្រុមឯណោះ ត្រូវបានពិន័យជាប្រាក់ចន្លោះពី ២១,០០០ ដល់ទៅ ១០៤,០០០ផោន បន្ទាប់ពីសហព័ន្ធបានរកឃើញថា បានប្រព្រឹត្តអំពើពុករលួយ និងការរៀបចំលទ្ធផលទុកមុនជាដើម។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្នុងចំណោមនោះដែរមាន ៩ក្លឹបដែលត្រូវលេងបើករដូវកាលលីគចិន Chinese Super League នារដូវកាលនេះ ត្រូវរងទណ្ឌកម្មដកពិន្ទុ បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញពី «ការប្រព្រឹត្តអំពើពុករលួយ តាមរយៈរៀបចំលទ្ធផលទុកមុន»។

Shanghai Shenhua ដែលជាជើងឯករងក្នុងលីគរដូវកាលមុន បានរងការពិន័យខ្លាំងក្លាជាងគេជាមួយក្លឹប Tianjin Tigers តាមរយៈការកាត់ ១០ពិន្ទុដូចគ្នា និង ៤ក្លឹបផ្សេងទៀត ត្រូវបានកាត់ទៅលេងក្នុងក្របខណ្ឌទី២ របស់ចិនរួចរាល់ហើយ។

គួររំលឹកផងថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីកីឡា រួមទាំងកីឡាករចំនួន ៤៣នាក់ ត្រូវបានដាក់ពិន័យមិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់អស់ ១ជីវិតតែម្តង ហើយ Li Tie អតីតខ្សែបម្រើក្លឹបអង់គ្លេស Everton ក៏បានស្ថិតក្នុងចំណោមមនុស្ស ៧៣នាក់ផ្សេងទៀតដែលត្រូវបានដាក់បម្រាមអស់ ១ជីវិតទៀតដែរ ក្រោយការរកឃើញប្រព្រឹត្តកំហុសនាពេលថ្មីៗនេះ៕