គ្រូបង្វឹកសេណេហ្គាល់ ត្រូវដកបញ្ឈរជើង ៥ប្រកួត ដោយមិនប៉ះដល់ World Cup 2026 ឡើយ

30-01-2026 10:30

(បរទេស)៖ លោក Pape Thiaw អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ ត្រូវបានសហព័ន្ធប្រចាំទ្វីបអាហ្រ្វិក CAF សម្រេចដកបញ្ឈរជើង ៥ប្រកួត ដោយនៅតែអាចដឹកនាំកូនក្រុមបានលេងក្នុង World Cup នាពាក់កណ្តាលឆ្នាំនេះដដែល។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា CAF បានដកបញ្ឈរជើងលោក Thiaw ពីការដឹកនាំក្រុមជើងឯកប្រចាំអាហ្រ្វិក Africa Cup of Nations 2025 និងពិន័យជាប្រាក់ ១០០,០០០ដុល្លារទៀតដែរ ពីបទបង្កកំហុសនៅវគ្គផ្តាច់ព្រ័ត្រ Afcon តាមរយៈហៅកូនក្រុមដើរចេញពីទីលាន ពេលលេងផ្តាច់ព្រ័ត្រទល់នឹងម្ចាស់ផ្ទះម៉ារ៉ុក ដ្បិតអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ ១១ម៉ែត្រទៅឱ្យម៉ារ៉ុកនោះ។

៥ប្រកួតនោះដែរ លោក Thiaw នឹងអវត្តមានពីការដឹកនាំកូនក្រុមលេងជម្រុះ Afcon 2027 ក្នុងចំណោម ៦ប្រកួតសរុប និងអាចដឹកនាំក្រុមតំណាងទ្វីបអាហ្រ្វិកមួយនេះ លេងនៅ World Cup 2026 នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាបានធម្មតា ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដាខាងមុខ។

បន្ថែមលើនេះ សហព័ន្ធបាល់ទាត់សេណេហ្គាល់ FSF ត្រូវបាន CAF ពិន័យជាប្រាក់ប្រមាណ ៦១៥,០០០ដុល្លារទៀតដែរ និងដកបញ្ឈរជើងខ្សែប្រយុទ្ធរបស់ពួកគេ Iliman Ndiaye និង Sarr ២ប្រកួតដូចគ្នា ស្របពេលខ្សែប្រយុទ្ធម៉ារ៉ុក Ismael Saibari ត្រូវបានដកបញ្ឈរជើង ៣ប្រកួត និងពិន័យជាប្រាក់ ១០០,០០០ដុល្លារទៀតផង។

នេះមានន័យថា សហព័ន្ធអាហ្រ្វិករកចំណូលបានជិត ១លានផោនពីការពិន័យត្រឹម ១ប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ Afcon 2025 កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦៕