Windows 11 បំបែកកំណត់ត្រាអ្នកប្រើប្រាស់ ១ពាន់លាននាក់ លឿនជាងកំណែមុនៗ បើទោះជាមានការរិះគន់ខ្លះក៏ដោយ
30-01-2026 11:24
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានប្រកាសជាផ្លូវការថា ប្រព័ន្ធប្រតិបត្តិការ Windows 11 ត្រូវបានប្រើប្រាស់នៅលើឧបករណ៍ជាង ១ ពាន់លានគ្រឿង ហើយនៅទូទាំងពិភពលោក។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺវាចំណាយពេលត្រឹមតែ ១,៥៧៦ ថ្ងៃ ប៉ុណ្ណោះដើម្បីឈានដល់ចំណុចនេះ ដែលលឿនជាង Windows 10 (ចំណាយពេលរហូតដល់ ១,៧០៦ ថ្ងៃ)។ លោក Satya Nadella នាយកប្រតិបត្តិ (CEO) របស់ Microsoft បានបញ្ជាក់ដោយមោទនភាពថា៖ «Windows សម្រេចបាននូវសមិទ្ធផលដ៏ធំមួយ គឺមានអ្នកប្រើប្រាស់ Windows 11 ចំនួន ១ ពាន់លាននាក់»។ នេះបើយោងតាមការចេញផ្សាយដោយ Windows Central នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។
ទោះបីជាទទួលបានជោគជ័យផ្នែកតួលេខ ប៉ុន្តែ Windows 11 ក៏ជួបការរិះគន់មិនតិចដែរ ជាពិសេសរឿងកំណត់លក្ខណៈសម្បត្តិម៉ាស៊ីនខ្ពស់ពេក ដែលធ្វើឱ្យអ្នកប្រើប្រាស់ចាស់ៗរាប់លាននាក់មិនអាចដំឡើងបាន។ បន្ថែមពីនេះ ការងាកមកផ្ដោតខ្លាំងលើបច្ចេកវិទ្យា AI និងបញ្ហាស្ថិរភាពប្រព័ន្ធមួយចំនួន បានធ្វើឱ្យអ្នកប្រើប្រាស់ខ្លះមានការមិនពេញចិត្ត រហូតអ្នកជំនាញខ្លះហៅវាថាជាកំណែ Windows ដែលមានអ្នក «ស្អប់» ច្រើនបំផុត ប៉ុន្តែទទួលបានការពេញនិយមបំផុត (most popular "hated" version) មិនធ្លាប់មាន។
យ៉ាងណាមិញ ការសម្រេចបានតួលេខ ១ ពាន់លានគ្រឿងនេះ សបញ្ជាក់ថាសម្រាប់អ្នកប្រើប្រាស់ទូទៅដែលមិនមែនជាអ្នកជំនាញបច្ចេកវិទ្យា ពួកគេនៅតែពេញចិត្តនឹងការប្រើប្រាស់ Windows 11 ជាឧបករណ៍សម្រាប់បំពេញការងារប្រចាំថ្ងៃ។ ជោគជ័យនេះគឺជាសញ្ញាវិជ្ជមាន ប៉ុន្តែក៏ជាសម្ពាធសម្រាប់ Microsoft ក្នុងការបន្តកែលម្អប្រព័ន្ធនេះឱ្យកាន់តែល្អ ដើម្បីរក្សាទំនុកចិត្តអ្នកប្រើប្រាស់ឱ្យនៅបន្តជាមួយខ្លួនយូរអង្វែង៕













