Apple ចំណេញកប់ពពកពី iPhone តែអ្នកវិនិយោគនៅបារម្ភ ខណៈតម្លៃមាសហក់ឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ

30-01-2026 13:23

(បរទេស)៖ ក្រុមហ៊ុនយក្ស Apple បានបង្កការភ្ញាក់ផ្អើលក្នុងពិភពហិរញ្ញវត្ថុ ដោយបង្ហាញរបាយការណ៍ចំណេញកើនឡើងដល់ ១៦% ក្នុងត្រីមាសទី១ ឆ្នាំ២០២៦។ កំណើនដ៏ខ្លាំងក្លានេះ កើតចេញពីតម្រូវការ iPhone 17 Pro ដែលមានសមត្ថភាព Zoom ដល់ទៅ ៨ដង។ ទោះជាយ៉ាងនេះក្តី តម្លៃភាគហ៊ុន Apple ហក់ឡើងបានត្រឹមបន្តិចបន្តួចប៉ុណ្ណោះ ដោយសារអ្នកវិនិយោគនៅតែមានមន្ទិលថា ក្រុមហ៊ុននេះហាក់ដើរយឺតជាងគូប្រជែងក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI)។ ​នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

ស្របពេលជាមួយគ្នា ទីផ្សារបច្ចេកវិទ្យាជួបនូវភាពមិនច្បាស់លាស់ខ្លាំង ដោយក្រុមហ៊ុន Microsoft បានបាត់បង់តម្លៃទីផ្សារហូតដល់ ៣៥៧ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ។ ភាពរង្គោះរង្គើនេះ ក៏បានទាញទម្លាក់តម្លៃរូបិយប័ណ្ណឌីជីថល Bitcoin ឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ២ខែផងដែរ ខណៈមានតែក្រុមហ៊ុន Meta (Facebook) មួយប៉ុណ្ណោះដែលទទួលបានលទ្ធផលល្អពីការវិនិយោគលើ AI។

ក្រៅពីបញ្ហាសេដ្ឋកិច្ច ស្ថានការណ៍នយោបាយពិភពលោកក៏កំពុងឡើងកម្ដៅ ដែលធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងជាង ៣% ភ្លាមៗ បន្ទាប់ពីមានព័ត៌មានថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងវាយប្រហារលើប្រទេសអ៊ីរ៉ង់។ បន្ថែមលើនេះ លោក ត្រាំ ក៏បានត្រៀមប្រកាសតែងតាំងប្រធានធនាគារកណ្តាលអាមេរិកថ្មី ដើម្បីជំនួសលោក Jerome Powell ដែលជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយហិរញ្ញវត្ថុដ៏ធំមួយរបស់អាមេរិក។

ចំពេលដែលមានភាពចលាចលទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនេះ «មាស» បានក្លាយជាជម្រកដ៏មានសុវត្ថិភាពបំផុតសម្រាប់អ្នកវិនិយោគ ដោយតម្លៃបានហក់ឡើងដល់ ៥,៦២៦.៨ ដុល្លារក្នុងមួយអោន ដែលជាតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ អ្នកជំនាញបានព្រមានថា ទោះបីជាជិតដល់ថ្ងៃចុងសប្តាហ៍ ក៏អ្នកវិនិយោគមិនគួរធ្វេសប្រហែសក្នុងការតាមដានព័ត៌មានឡើយ ព្រោះព្រឹត្តិការណ៍ធំៗអាចនឹងកើតឡើងគ្រប់ពេល៕