Women Run 10K ទាក់ទាញស្ដ្រីចូលរួមច្រើនជាងបុរស ខណៈអ្នករៀបចំរំពឹងមានអ្នករត់លើស ៤ពាន់នាក់ឆ្នាំនេះ
30-01-2026 14:15
(ភ្នំពេញ)៖ ទិវារត់ប្រណាំងស្ដ្រីចម្ងាយ ១០គីឡូម៉ែត្រ (Women Run 10K) លើកទី៥ នឹងត្រឡប់មកវិញនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ នៅសួនច្បារវត្តបទុមវតីរាជធានីភ្នំពេញ ក្រោមពាក្យស្លោក «រត់ដើម្បីសន្ដិភាព និងលើកតម្កើងតួនាទីស្ដ្រីក្នុងសង្គម» ដោយបានទាក់ទាញអ្នកចូលរួមកាន់តែច្រើន ពិសេសស្ដ្រី ខណៈគណៈរៀបចំរំពឹងមានអ្នកចូលរួមលើសពី ៤ពាន់នាក់ឆ្នាំនេះ។
នេះបើតាមការគូសបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមរៀបចំទិវារត់ប្រណាំងស្ដ្រីចម្ងាយ ១០គីឡូម៉ែត្រ លើកទី៥ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការ NOCC។
លោកថា ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីអបអរសាទរសិទ្ធិនារីអន្ដរជាតិ ជាទិវារំឭកនូវគុណូបការៈរបស់ស្ដ្រី ដែលជាគោលដៅរួមចំណែកជាមួយពិភពលោក និងរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមត្ថភាពយេនឌ័រក្នុងការចូលរួមគ្រប់វិស័យ ក៏ដូចជាការលើកកម្ពស់យុត្តិធម៌នៅក្នុងសង្គម តាមរយៈការគោពសមភាពរបស់ស្ដ្រី ក៏ដូចជាការរត់ក្រោមផ្នត់គំនិតរួមគ្នា ដើម្បីសន្ដិភាពផងដែរ ព្រោះឱកាសទាំងអស់នេះ មិនអាចកើតមានឡើយ បើគ្មានសន្ដិភាព។
ទន្ទឹមជាមួយគ្នា លោកបានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យនៃការរៀបចំរយៈពេល ៤ឆ្នាំកន្លងមក ដែលមានកំណើនអ្នករត់ជារៀងរាល់ឆ្នាំ ពិសេសស្ដ្រី ជាក់ស្ដែងឆ្នាំនេះ ក្នុងចំណោមអ្នកចុះឈ្មោះជាង ៣ពាន់នាក់បច្ចុប្បន្ន មានស្ដ្រីប្រមាណ ៦០%។ នេះជាតួរលេខមួយដ៏ខ្ពស់ ស្របតាមគោលដៅនៃការរៀបចំ។ លោករំពឹងថា ទម្រាំដល់ថ្ងៃរត់ជាផ្លូវការ ទិវារត់ប្រណាំងស្ដ្រីចម្ងាយ ១០គីឡូម៉ែត្រឆ្នាំនេះ នឹងអាចមានអ្នកចូលរួមលើសពី ៤ពាន់នាក់។
ឆ្លៀតឱកាសនោះ លោក សែម ផល្លា ក្នុងនាមគណៈកម្មការរៀបចំ បានសម្ដែងនូវមោទនភាព សម្រាប់ការរៀបចំពីមួយឆ្នាំទៅមួយឆ្នាំ ព្រឹត្តិការណ៍នេះបានក្លាយជាផ្នែកមួយ ក្នុងការបំផុសចលនាកីឡាដល់ប្រជាពលរដ្ឋ និងសង្គម តាមរយៈការទាក់ទាញការចូលរួមកាន់តែច្រើន ក្នុងនោះស្ដ្រី ដែលត្រូវបានលើកកម្ពស់ជាពិសេស។ តាមរយៈនេះ លោកបានប្ដេជ្ញានឹងខិតខំពង្រឹងការរៀបចំឲ្យបានកាន់តែល្អប្រសើរ ដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នករត់ទាំងអស់។
គួរដឹងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះមាន ២វិញ្ញាសា រួមមានរត់ចម្ងាយ ១០គីឡូម៉ែត្រ និង ៤គីឡូម៉ែត្រ ដែលត្រូវជួបជុំ ចេញដំណើរ និងបញ្ចប់ទីនៅសួនច្បារវត្តបទុមវតី។ ចំពោះការចុះឈ្មោះ គណៈកម្មការនឹងបន្ដទទួលរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕










