ធនាគារ «វីង» គាំទ្រសភាពាណិជ្ជកម្មកម្ពុជា ក្នុងការពង្រីកសក្តានុពលធុរកចិ្ច ដើម្បីកំណើនសេដ្ឋកិច្ចឆ្នាំ២០២៦

30-01-2026 16:34

(ភ្នំពេញ)៖ ការប្តេជ្ញាចិត្តរួមគ្នាក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីកំណត់ទិសដៅអាទិភាពសំដៅលើកកម្ពស់ធុរកិច្ច និងជំរុញកំណើនដ៏ត្រចះត្រចង់ក្នុងឆ្នាំ២០២៦។
សភាពាណិជ្ជកម្មកម្ពុជា បានបញ្ចប់ «មហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦» កាលពីថ្ងៃទី២៨ ខែមករា កន្លងទៅ ដើម្បីពិនិត្យឡើងវិញនូវសមិទ្ធផលនានា និងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ សំដៅពង្រឹងបរិយាកាសធុរកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។ ព្រឹត្តិការណ៍ដ៏ធំនេះ បានរៀបចំធ្វើឡើងនៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ព្រមទាំងមានការចូលរួមឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីធនាគារ វីង ផងដែរ។ មហាសន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។

ថ្លែងក្នុងសុន្ទរកថាបើកមហាសន្និបាត អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា កម្ពុជាកំពុងស្ថិតក្នុងជំហរដ៏រឹងមាំមួយ ក្នុងការជំរុញសន្ទុះកំណើនសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងក្លានៅឆ្នាំ ២០២៦។ ជាមួយគ្នានេះ អ្នកឧកញ៉ា បានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មកម្ពុជា ត្រូវជំរុញវិស័យឯកជនឱ្យត្រូវតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងជំរុញឱ្យសភាពាណិជ្ជកម្មរាជធានី-ខេត្ត សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងសហគ្រាសធុនតូច និងមធ្យម សំដៅធ្វើយ៉ាងណាឱ្យអាជីវកម្មទាំងអស់នោះ ចូលទៅក្នុងប្រព័ន្ធផ្លូវការ ហើយចាប់យកកាលានុវត្តភាពពាណិជ្ជកម្ម ឱ្យកាន់តែទូលំទូលាយថែមទៀត។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា «ធនាគារ វីង មានកិត្តិយសដែលបានបន្តគាំទ្រសភាពាណិជ្ជកម្មកម្ពុជា ដែលជាស្ថាប័នប្រមូលផ្តុំនូវសំឡេងរួម របស់សហគមន៍ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។ នៅពេលដែលវិស័យរដ្ឋ និងឯកជនសហការគ្នាជិតស្និទ្ធ យើងនឹងអាចពង្រឹងភាពធន់នៃកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើតកាលានុវត្តភាពនានា ដែលនាំប្រយោជន៍ដល់ក្រុមគ្រួសារ សហគមន៍ និងអាជីវកម្មនៅទូទាំងប្រទេស»។

មហាសន្និបាតឆ្នាំនេះ ទទួលបានអ្នកចូលរួមប្រមាណ ៣.៥០០នាក់ ដែលជាតំណាងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងវិស័យឯកជន។ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីប្រតិភូ មកពីសភាពាណិជ្ជកម្មនៅទូទាំង ១៩រាជធានី-ខេត្ត ព្រមទាំងមានការដាក់តាំងបង្ហាញផលិតផលក្នុងស្រុកជិត ១០០ស្តង់ ដែលឆ្លុះបញ្ចាំងពីភាពសម្បូរបែប និងសក្ដានុពលនៃវិស័យធុរកិច្ចនៅកម្ពុជា។

ក្នុងអំឡុងកិច្ចប្រជុំនេះ សភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញរបាយការណ៍បូកសរុបលទ្ធផលការងារ និងហិរញ្ញវត្ថុឆ្នាំ២០២៥ ព្រមទាំងដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ឆ្នាំ២០២៦ រួមជាមួយវឌ្ឍនភាពបេសកកម្ម របស់ការិយាល័យតំណាងនៅកាណាដា ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និងនូវែលសេឡង់។ ទន្ទឹមនឹងការចែករំលែកនូវការវាយតម្លៃហានិភ័យ និងអនុសាសន៍គោលនយោបាយ កិច្ចពិភាក្សាក្រោមយន្តការ «វេទិការាជរដ្ឋាភិបាល-វិស័យឯកជន» ក៏បានផ្ដោតលើការដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យអាទិភាពជាច្រើនរាប់ចាប់ពីវិស័យកសិកម្ម ទេសចរណ៍ កម្មន្តសាល សហគ្រាសធុនតូច និងមធ្យម រហូតដល់ ពន្ធដារ ដឹកជញ្ជូន ថាមពល ហេដ្ឋារចនាសម្ព័ន្ធ រ៉ែ សុខាភិបាល និងវិស័យអចលនទ្រព្យជាដើម។

ក្នុងនាមជាអ្នកឧបត្ថម្ភប្រចាំឆ្នាំ ធនាគារ វីង តែងតែផ្តល់ការគាំទ្រយ៉ាងសកម្ម នៅគ្រប់វេទិកានានារបស់សភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាកម្មវិធីបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច និងសកម្មភាពលើកកម្ពស់ការវិនិយោគផ្សេងៗ។ ភាពជាដៃគូនេះ ក៏បានអនុញ្ញាតឱ្យធនាគារ វីង ស្វែងយល់កាន់តែស៊ីជម្រៅអំពីតម្រូវការជាក់ស្តែងរបស់សហគ្រាស អាជីវកម្មនៅកម្ពុជា ដើម្បីដាក់ចេញនូវដំណោះស្រាយហិរញ្ញវត្ថុ ដ៏សម្បូរបែបរួមមាន ការទូទាត់តាមប្រព័ន្ធឌីជីថល ការផ្តល់ឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្ម ហិរញ្ញប្បទានពាណិជ្ជកម្ម ព្រមទាំងសេវាគ្រប់គ្រងសាច់ប្រាក់ជាដើម។

កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាបន្តបន្ទាប់រវាងធនាគារ វីង និងសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការពង្រឹងវិស័យឯកជន ក៏ដូចជាការរួមចំណែកកសាងចីរភាពបរិយាកាសធុរកិច្ច សំដៅគាំទ្រកំណើនសេដ្ឋកិច្ចជាតិរយៈពេលវែង៕