ជើងឯកប៉េតង់ថ្នាក់ជាតិ ឆ្នាំ២០២៥ បញ្ចប់យ៉ាងស្វិតស្វាញ ដ្បិតមាន ៧ក្លឹបឈ្នះមេដាយមាស ក្នុងចំណោម ៨វិញ្ញាសា
31-01-2026 08:09
(ភ្នំពេញ)៖ ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ បានបញ្ចប់ជាមួយលទ្ធផលដ៏ស្វិតស្វាញ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែមករា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ស្របពេលមានសម្ព័ន្ធ-ក្លឹបរហូតដល់៧ ដែលដណ្ដើមបានមេដាយមាស ក្នុងចំណោម ៨វិញ្ញាសា ដែលសហព័ន្ធដាក់ឲ្យធ្វើការប្រកួតប្រជែងឆ្នាំនេះ។
យោងតាមរបាយការណ៍គណៈកម្មការរៀបចំការប្រកួត ព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡានេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៤១៦នាក់ មកពី ៦០សម្ព័ន្ធ-ក្លឹបទូទាំងប្រទេស ដែលបានធ្វើការប្រកួតលើ ៨វិញ្ញាសា រាប់ចាប់ពីវិញ្ញាសាកុមារអាយុ ១២ឆ្នាំ រហូតដល់ឈុតធំ ហើយគ្រប់វិញ្ញាសា សុទ្ធតែបញ្ចប់ការប្រកួតដោយជក់ចិត្ត ទម្រាំរកឃើញម្ចាស់ជើងឯក។
ជាក់ស្ដែងក្នុងចំណោម ៨វិញ្ញាសាឆ្នាំនេះ មានសម្ព័ន្ធ-ក្លឹបរហូតដល់ ៧ ដែលដណ្ដើមបានមេដាយមាស រួមមានក្លឹបយោធភូមិភាគពិសេស ដែលឈ្នះមេដាយឈរលេខ៣ តែឆ្នាំនេះ ដណ្ដើមបានមេដាយច្រើនជាងគេ គឺមេដាយមាស ២គ្រឿង ខណៈក្លិបមជ្ឈមណ្ឌលកីឡា ខ.ភ.ម បន្ដឈរលេខ២ ឈ្នះមេដាយ ៤គ្រឿង(មាស ១ និងប្រាក់ ៣) និងសម្ព័ន្ធកីឡាប៊ូល និងប៉េតង់កងយោធពលខេមរភូមិន ដែលឆ្នាំនេះ បានធ្លាក់ពីកំពូលតារាង មកឈរលេខ៣ ដោយឈ្នះមេដាយ ៥គ្រឿង(មាស ១ ប្រាក់ ១ និងសំរឹទ្ធ៣)។
ចំណែកក្លឹបក្រសួងមហាផ្ទៃ និងក្លឹបកីឡាប៊ូល និងប៉េតង់សន្ដិភាព ឈរលេខ៤ និងលេខ៥ ឈ្នះមេដាយ ២គ្រឿង(មាស ១ និងប្រាក់ ១)ដូចគ្នា គ្រាដែលខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំង ឈរលេខ៦ និងលេខ៧ ឈ្នះមេដាយមាស ១គ្រឿងចូគ្នា។ រីឯ ៦សម្ព័ន្ធ-ក្លិបផ្សេងទៀត បានឈ្នះមេដាយរៀងៗខ្លួន ក្នុងចំណោម ៦០ក្លិបចូលរួមប្រកួតឆ្នាំនេះ។
ថ្លែងក្នុងពិធីបិទការប្រកួតខាងលើ លោក ប៊ូ ជុំសេរី អនុប្រធានសហព័ន្ធ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួត និងការចូលរួមរបស់ប្រតិភូគ្រប់បណ្ដាសម្ព័ន្ធ-ក្លិប ពិសេសការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនី ដែលជំរុញឲ្យការប្រកួតឆ្នាំនេះ មានភាពស្វិតស្វាញ និងបញ្ចប់យ៉ាងរលូន។ តាមរយៈការដណ្ដើមបានមេដាយមាសជាច្រើនក្លិបខាងលើដែរ លោកបានចាត់ទុកជាសញ្ញាណវិជ្ជមាន នៃភាពរីកចម្រើននៃវិស័យកីឡាប៉េតង់កម្ពុជាផងដែរ៕












