Microsoft បាត់បង់តម្លៃទីផ្សាររហូតដល់ ៣៥៧ពាន់លានក្នុងមួយថ្ងៃ ជាការធ្លាក់ចុះភាគហ៊ុនខ្លាំងបំផុតចាប់តាំងពីឆ្នាំ២០២០

31-01-2026 09:10

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បានប្រកាសពីការធ្លាក់ចុះតម្លៃភាគហ៊ុនយ៉ាងគំហុកនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បណ្ដាលឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនបាត់បង់ប្រហែល ៣៥៧ពាន់លានដុល្លារក្នុងមួយថ្ងៃតែប៉ុណ្ណោះ ដែលជាការធ្លាក់ចុះធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ Wall Street និងធ្ងន់ធ្ងរបំផុតសម្រាប់ Microsoft ចាប់តាំងពីសម័យកូវីដ-១៩ ឆ្នាំ២០២០។

តាមការចេញផ្សាយបានឲ្យដឹងថា ភាគហ៊ុន Microsoft ធ្លាក់ប្រហែល ១០% ក្នុងមួយថ្ងៃ បណ្ដាលឲ្យតម្លៃទីផ្សារត្រូវបានកាត់បន្ថយយ៉ាងច្រើន។ ជាមួយគ្នានេះការលក់ភាគហ៊ុនបានកើតឡើង ទោះបីក្រុមហ៊ុនរាយការណ៍លទ្ធផលហិរញ្ញវត្ថុខ្លាំង និងលើសការរំពឹងទុករបស់ទីផ្សារក៏ដោយ។ ដូច្នេះសំណួរបានចោទសួរឡើងថា ហេតុអ្វីវិនិយោគិនលក់ភាគហ៊ុន? ចម្លើយគឺ ដោយសារតែចំណាយធំលើ AI និងមជ្ឈមណ្ឌលទិន្នន័យ ពោល Microsoft បង្ហាញថា កំពុងវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យា AI និង cloud infrastructure ដែលធ្វើឲ្យវិនិយោគិនព្រួយបារម្ភអំពីប្រាក់ចំណេញនាពេលអនាគត។ កំណើន Azure យឺតជាងការរំពឹង ដោយ ផនែកសេវាកម្ម cloud Azure ដែលជាមូលដ្ឋានប្រាក់ចំណេញសំខាន់ មានកំណើនយឺតជាងអ្វីដែលទីផ្សាររំពឹងទុក។ ដូច្នេះទស្សនៈទូទៅបង្ហាញថាទីផ្សារមាន ភាពអត់ធ្មត់តិច ចំពោះការចំណាយធំៗ ខណៈកំណើនមិនឆាប់ដូចដែលរំពឹង។

គួរចម្រាបថា ការធ្លាក់ចុះរបស់ Microsoft ក៏ប៉ះពាល់ដល់ទីផ្សារធំៗ ដូចជា Nasdaq និង S&P 500 ផងដែរ។ ទោះបីមានការធ្លាក់ចុះបែបនេះ Microsoft នៅតែជាក្រុមហ៊ុនមានប្រាក់ចំណេញខ្លាំង ប៉ុន្តែការបាត់បង់តម្លៃក្នុងមួយថ្ងៃបង្ហាញថា ទីផ្សារមានភាពរសើបខ្លាំងចំពោះលទ្ធផល AI និង cloud។ ការបាត់បង់តម្លៃប្រហែល ៣៥៧ពាន់លាននេះ គឺជាមួយក្នុងចំណោមការបាត់បង់ធំបំផុតក្នុងមួយថ្ងៃសម្រាប់ក្រុមហ៊ុនមួយ និងត្រូវបានរាយការណ៍ថា ជាអន្ដរាយធំបន្ទាប់ពីករណី Nvidia មុននេះ៕