ជើងឯកការ៉ាតេថ្នាក់ជាតិ ត្រឡប់មកវិញសប្ដាហ៍ក្រោយ ខណៈក្លឹបហនុមាន ដាក់គោលដៅដណ្ដើមលេខ២
31-01-2026 12:03
(ភ្នំពេញ)៖ សហព័ន្ធកីឡាការ៉ាតេកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នាថ្ងៃទី០៤-០៨ ខែកុម្ភៈខាងមុខ ដោយមានសមាគម/ក្លឹបជាច្រើនចូលរួម ក្នុងនោះក្លិបការ៉ាតេហនុមាន ក៏បានត្រៀមខ្លួនរួចរាល់ ជាមួយគោលដៅប្រជែងចំណាត់ថ្នាក់លេខ២ ក្នុងតារាងមេដាយនៃបណ្ដាក្លឹបចូលរួម។
ក្នុងពិធីជួបសំណេះសំណាល និងលើកទឹកចិត្តសិស្សគុន កំឡុងពេលហ្វឹកហាត់ត្រៀមចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំខាងលើ លោក ឈាង សុវណ្ណរតនា ប្រធានក្លឹបការ៉ាតេហនុមាន បានជំរុញកីឡាករ-កីឡាការិនី ត្រូវផ្ដោតការខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីត្រៀមប្រកួតប្រជែងមេដាយ និងចំណាត់ថ្នាក់ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។
កាលពីឆ្នាំមុនក្លឹបបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ដណ្ដើមបានមេដាយ ១៩គ្រឿង (មាស ៥ ប្រាក់ ៤ និងសំរឹទ្ធ ១០) ប៉ុន្ដែឆ្នាំនេះ ក្លិបានដាក់គោលដៅយ៉ាងហោចឈរចំណាត់ថ្នាក់លេខ២ ក្នុងចំណោមបណ្ដាក្លិបចូលរួម ខណៈកីឡាករ-កីឡាការិនី ដែលរងរាជ័យឆ្នាំមុនៗ ដល់ពេលត្រូវប្រជែងមេដាយ មិនត្រូវបន្ដយកបទពិសោធន៍នៃការចាញ់ច្រើនពេកនោះទេ។
អតីតកីឡាករការ៉ាតេជើងចាស់ដដែល ទទួលស្គាល់ថា បច្ចុប្បន្នវិស័យកីឡាការ៉ាតេកម្ពុជា មានការរីកចម្រើន ហើយមានក្លិបជាច្រើន និងសម្បូរដោយធនធានកីឡាករ-កីឡាការិនីល្អៗ។ បែបនេះក្ដី ដោយក្លិបហនុមាន មានទីតាំងហ្វឹកហាត់ល្អ សម្ភារទំនើប និងគ្រូបង្វឹកល្អផង លោកសង្ឃឹមយ៉ាងមុតមាំថា សិស្សគុនរបស់ខ្លួន នឹងពង្រឹងការហ្វឹកហាត់ ក៏ដូចជាសមត្ថភាព ដើម្បីឈានទៅសម្រេចជយលាភីជូនក្លិប ហើយមានឱកាសឈានទៅប្រកួតតំណាងជាតិផងដែរ។
សូមរំឮកថា កាលពីជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ក្នុងចំណោមប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជាង ៣៥០នាក់ មកពី ២៨ក្លិបចូលរួម គឺក្លិបការ៉ាតេក្រសួងការពារជាតិ ឈ្នះមេដាយមាសច្រើនជាងគេ សរុបចំនួន ២០គ្រឿង (មាស ៨ ប្រាក់ ១០ និងសំរឹទ្ធ ២) ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ឈ្នះមេដាយសរុប ២៤គ្រឿង (មាស ៧ ប្រាក់ ៤ និងសំរឹទ្ធ ១៤) និងក្លិបការ៉ាតេហនុមាន (ខេត្តកណ្ដាល) ឈរលេខ៣ ឈ្នះមេដាយសរុប ១៩គ្រឿង។ ដូច្នេះចាំមើលជើងឯកថ្នាក់ជាតិឆ្នាំនេះ តើក្លិបណាខ្លះ នឹងដណ្ដើមបានមេដាយច្រើនជាងគេ?











