ឥណ្ឌា អង់គ្លេស ដាណឺម៉ាក និងក្រិក ត្រៀមដើរតាមគន្លងអូស្ត្រាលី ក្នុងការបិទបណ្ដាញសង្គមលើកុមារ ដើម្បីទប់ស្កាត់ «ការញៀនឌីជីថល»
31-01-2026 13:59
(បរទេស)៖ រលកនៃការរឹតត្បិតការប្រើប្រាស់បណ្ដាញសង្គមលើយុវវ័យ កំពុងរីករាលដាលយ៉ាងខ្លាំងពីអាស៊ីរហូតដល់អឺរ៉ុប។ បន្ទាប់ពីប្រទេសអូស្ត្រាលីបានក្លាយជាប្រទេសដំបូងគេ ដែលអនុវត្តច្បាប់បិទកុមារអាយុក្រោម ១៦ ឆ្នាំ ឥឡូវនេះប្រទេសឥណ្ឌា រួមជាមួយចក្រភពអង់គ្លេស ដាណឺម៉ាក និងក្រិក ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សា និងរៀបចំច្បាប់ស្រដៀងគ្នានេះ ដើម្បីការពារសុខភាពផ្លូវចិត្ត និងសុវត្ថិភាពទិន្នន័យរបស់យុវជនជំនាន់ក្រោយ។
យោងតាមរបាយការណ៍ពី Reuters ចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ សមាជិកសភាឥណ្ឌា លោក L.S.K. Devarayalu ដែលជាសម្ព័ន្ធមិត្តរបស់លោកនាយករដ្ឋមន្ត្រី Modi បានដាក់សំណើច្បាប់បិទបណ្ដាញសង្គមលើអនីតិជន។ លោកបានបញ្ជាក់ថា៖ «មិនត្រឹមតែកុមារយើងញៀនបណ្ដាញសង្គមប៉ុណ្ណោះទេ ប៉ុន្តែឥណ្ឌាក៏ជាប្រភពផលិតទិន្នន័យដ៏ធំបំផុតសម្រាប់ក្រុមហ៊ុនបរទេស ដើម្បីយកទៅបង្វឹកប្រព័ន្ធ AI របស់ពួកគេដោយមិនបង់ប្រាក់ ខណៈដែលផលចំណេញសេដ្ឋកិច្ចបានទៅលើដៃបរទេសទាំងអស់»។
ស្របពេលជាមួយគ្នានេះ របាយការណ៍សេដ្ឋកិច្ចជាតិឥណ្ឌា (Economic Survey 2025-26) ក៏បានផ្តល់អនុសាសន៍ឱ្យមានការកំណត់អាយុអ្នកប្រើប្រាស់ ដោយពណ៌នាថា ក្បួនដោះស្រាយរបស់បណ្ដាញសង្គមមានលក្ខណៈ «បរបាញ់» (Predatory) ដែលធ្វើឱ្យកុមារប៉ះពាល់ដល់ការសិក្សា និងការគេង។
បច្ចុប្បន្ន រដ្ឋយ៉ាងហោចណាស់ពីរក្នុងប្រទេសឥណ្ឌា បានចាប់ផ្ដើមចាត់វិធានការមុនរួចទៅហើយ ក្នុងនោះមានរដ្ឋ Goa កំពុងពិនិត្យលទ្ធភាពបិទកុមារអាយុក្រោម ១៦ ឆ្នាំ ដោយយកគំរូតាមប្រទេសអូស្ត្រាលី និងរដ្ឋ Andhra Pradesh បានបង្កើតគណៈកម្មការមន្ត្រីជាន់ខ្ពស់ ដើម្បីសិក្សាពីក្របខ័ណ្ឌច្បាប់ក្នុងការកំណត់អាយុអ្នកប្រើប្រាស់។
ទន្ទឹមនឹងអាស៊ី ប្រទេសធំៗនៅអឺរ៉ុបក៏កំពុងចាត់វិធានការយ៉ាងសកម្មផងដែរ ដោយចក្រភពអង់គ្លេស កំពុងសិក្សាពីវិធានការរឹតត្បិត បន្ទាប់ពីសភាឡដ៍បានបោះឆ្នោតគាំទ្រវិសោធនកម្មច្បាប់ ដើម្បីការពារកុមារក្រោម ១៦ ឆ្នាំ ពីផលប៉ះពាល់នៃបណ្ដាញសង្គម ខណៈដាណឺម៉ាក បានប្រកាសផែនការបិទកុមារអាយុក្រោម ១៥ ឆ្នាំ មិនឱ្យប្រើបណ្ដាញសង្គមធំៗ លុះត្រាតែមានការអនុញ្ញាតពីមាតាបិតា និងគ្រោងប្រើប្រាស់ប្រព័ន្ធអត្តសញ្ញាណប័ណ្ណឌីជីថល (e-ID) ដើម្បីគ្រប់គ្រង។ ចំណែកក្រិកវិញ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ខ្លួនកំពុងសិក្សាយ៉ាងយកចិត្តទុកដាក់លើ «ម៉ូដែលអូស្ត្រាលី» ដើម្បីការពារខួរក្បាលកុមារពីការពិសោធន៍ឌីជីថលដែលគ្មានការគ្រប់គ្រង។
រដ្ឋាភិបាលទាំងអស់មានកង្វល់រួមគ្នាលើបញ្ហាសុខភាពផ្លូវចិត្ត ការកើនឡើងនៃជំងឺបាក់ទឹកចិត្ត បញ្ហារំលោភបំពានតាមអ៊ីនធឺណិត និងការប៉ះពាល់នឹងមាតិកាមិនសមស្របតាមវ័យ។
ជាការឆ្លើយតប ក្រុមហ៊ុន Meta (Facebook/Instagram) បានបញ្ជាក់ថា ពួកគេគាំទ្រច្បាប់ដែលតម្រូវឱ្យមានការត្រួតពិនិត្យពីមាតាបិតា ប៉ុន្តែបានព្រមានថា ការបិទទាំងស្រុងអាចនឹងរុញច្រានយុវវ័យឱ្យទៅប្រើប្រាស់គេហទំព័រ ឬកម្មវិធីដែលគ្មានសុវត្ថិភាព និងគ្មានការត្រួតពិនិត្យវិញ។
តើការបិទនេះមានប្រសិទ្ធភាពពិតមែនទេ? អ្នកជំនាញខ្លះយល់ថា វាជួយកាត់បន្ថយការញៀន ប៉ុន្តែអ្នកខ្លះទៀតបារម្ភថា កុមារនឹងរកវិធីប្រើប្រាស់ VPN ឬបច្ចេកវិទ្យាផ្សេងៗដើម្បីបន្លំចូលប្រើប្រាស់ដដែល៕







