ធនាគារ «វីង» បង្កើនកញ្ចប់ថវិការហូតដល់ ៤០% សម្រាប់កម្មវិធីទំនួលខុសត្រូវសង្គមក្នុងឆ្នាំ២០២៥
31-01-2026 14:57
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥ ធនាគារ វីង បានពង្រីកវិសាលភាពនៃសកម្មភាពទំនួលខុសត្រូវសង្គម យ៉ាងទូលំទូលាយនៅទូទាំងប្រទេស ដោយបង្កើនកញ្ចប់ថវិកាវិនិយោគរហូតដល់ ៤០% លើសសរស្តម្ភសំខាន់ៗរួមមាន វិស័យសុខាភិបាល ជំនួយមនុស្សធម៌ ការអភិវឌ្ឍយុវជន ការការពារបរិស្ថាន និងការលើកកម្ពស់ជីវភាពសហគមន៍។ គំនិតផ្ដួចផ្ដើមទាំងនេះ ផ្តោតលើការលើកកម្ពស់វិស័យសុខាភិបាល ការអភិវឌ្ឍសមត្ថភាពយុវជន សកម្មភាពមនុស្សធម៌ ការពង្រឹងភាពធន់ក្នុងសហគមន៍ និងកិច្ចការពារបរិស្ថាននៅទូទាំងប្រទេសកម្ពុជា។ ជាពិសេសបានផ្ដល់អត្ថប្រយោជន៍ ដល់ប្រជាជនរាប់ពាន់នាក់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត រយៈពេលវែងរបស់ធនាគារ វីង ក្នុងការជំរុញវឌ្ឍនភាពជាតិប្រកបដោយបរិយាបន្ន និងចីរភាព។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន ធនាគារ វីង បានតម្រង់ទិសដៅនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ឱ្យស្របទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង មានប្រសាសន៍ថា «ក្នុងឆ្នាំ ២០២៥ យើងបានពង្រឹងការគាំទ្រដល់សហគមន៍ឱ្យកាន់តែស៊ីជម្រៅ តាមរយៈកិច្ចសហការប្រកបដោយអត្ថន័យ និងការសម្រេចបាននូវសមិទ្ធផលយ៉ាងល្អប្រសើរ។ រាល់កិច្ចខិតខំប្រឹងប្រែងរបស់យើង គឺផ្ដោតជាចម្បងលើវិស័យសុខាភិបាល ការងារមនុស្សធម៌ និងការផ្តល់ឱកាសដល់យុវជន ដើម្បីធានាថា ការចូលរួមចំណែកទាំងនេះ នឹងផ្តល់ផលវិជ្ជមានដ៏យូរអង្វែងសម្រាប់សង្គមជាតិ»។
ការគាំទ្រលើវិស័យសុខាភិបាល ការអភិវឌ្ឍសហគមន៍ និងការងារមនុស្សធម៌ ការលើកកម្ពស់សុខុមាលភាពកុមារ ជំនួយសង្គ្រោះបន្ទាន់ និងការគាំទ្រសហគមន៍ នៅតែជាអាទិភាពចម្បងក្នុងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ធនាគារ វីង។ ជាក់ស្តែងបុគ្គលិកជាង ៨៥០នាក់ បានរួមគ្នារត់ដើម្បីសប្បុរសធម៌ និងរៃអង្គាសថវិកាបាន ២០លានរៀល ជូនដល់មន្ទីរពេទ្យកុមារអង្គរ។ បន្ថែមលើនេះ ក្នុងឱកាសទិវាកុមារអន្តរជាតិ ធនាគារក៏បានផ្ដល់វិភាគទានបន្ថែមចំនួន ២០លានរៀល ដល់មន្ទីរពេទ្យកុមារអង្គរ និងមូលនិធិគន្ធបុប្ផា ដើម្បីគាំទ្រដល់បេសកកម្មព្យាបាលកុមារឥតគិតថ្លៃជាង ១,៥លាននាក់ក្នុងមួយឆ្នាំៗ។ ការគាំទ្ររបស់ធនាគារ វីង ក៏បានគ្របដណ្ដប់លើការថែទាំឯកទេស តាមរយៈការបរិច្ចាគថវិកា ១០,០០០ ដុល្លារអាមេរិក ជូនដល់អង្គការស្នាមញញឹមកម្ពុជា។ វិភាគទាននេះ បានជួយឱ្យកុមារជាង ១២០នាក់ ដែលមានបញ្ហាឆែបបបូរមាត់ ក្រអូមមាត់ និងខូចទ្រង់ទ្រាយផ្ទៃមុខ ទទួលបានការវះកាត់ដោយឥតគិតថ្លៃ។
ដោយឃើញពីតម្រូវការឈាមដែលកំពុងបន្តកើតមាន ធនាគារ វីង បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីគាំទ្រដល់យុទ្ធនាការបរិច្ចាគឈាម។ ទន្ទឹមនឹងនេះ ធនាគារ វីង ក៏បានវិនិយោគលើសុខុមាលភាពបុគ្គលិក តាមរយៈការបង្កើតមជ្ឈមណ្ឌលហាត់ប្រាណក្នុងស្ថាប័ន ដែលផ្តល់ជូននូវកន្លែងហាត់ប្រាណ ដោយឥតគិតថ្លៃ ដើម្បីលើកកម្ពស់សុខភាពបុគ្គលិកគ្រប់រូប។
បន្ថែមលើការងារថែទាំសុខភាព សកម្មភាពចុះជួយសហគមន៍ ត្រូវបានអនុវត្តយ៉ាងសកម្មពេញមួយឆ្នាំផងដែរ។ ជាក់ស្តែង បុគ្គលិកធនាគារ វីង បានរួមគ្នាផ្ដល់វិភាគទានជាថវិកាចំនួន ៨,៨លានរៀល ព្រមទាំងអង្ករ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ជូនដល់កុមារជាង ២០០នាក់ នៅមជ្ឈមណ្ឌលមែកឈើ ក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ពួកគេ។
ទន្ទឹមនឹងនេះ ធនាគារ វីង ក៏បានជំរុញការរស់នៅប្រកបដោយសុខភាពល្អ និងការបង្កើនសាមគ្គីភាពក្នុងសហគមន៍ តាមរយៈការគាំទ្រព្រឹត្តិការណ៍ជិះកង់ និងការរត់កម្សាន្តសប្បុរសធម៌ «៣,០០០ ជំហាន» ដើម្បីមូលនិធិគន្ធបុប្ផា ដែលបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករជាង ១,៤០០ នាក់។ លើសពីនេះ ការចូលរួមគាំទ្រក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងសង្ក្រាន្តតាមសាកលវិទ្យាល័យនានា ក៏បានសរបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការថែរក្សាអភិរក្សវប្បធម៌ជាតិ និងការលើកកម្ពស់សកម្មភាពយុវជនកម្ពុជាផងដែរ។ ក្នុងអំឡុងស្ថានការណ៍ព្រំដែនក្នុងឆ្នាំ ២០២៥ ធនាគារ វីង បានសហការយ៉ាងជិតស្និទ្ធជាមួយមូលនិធិទ្រទ្រង់ជនភៀសសឹក ដើម្បីដឹកជញ្ជូនសម្ភារៈសង្គ្រោះបន្ទាន់ទៅកាន់ខេត្តជាប់ព្រំដែនចំនួនប្រាំពីរ។ ជាមួយគ្នានេះ បុគ្គលិកធនាគារបានស្ម័គ្រចិត្តបរិច្ចាគ ៥% នៃប្រាក់បៀវត្សរ៍ប្រចាំខែធ្នូរបស់ពួកគេ ដែលនេះគឺជាការបរិច្ចាគជុំទីបីហើយ ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៥មក។ លើសពីនេះ ធនាគារក៏បានសម្រេចផ្តល់ការគាំទ្រតាមរយៈការសម្រាលបន្ទុកឥណទាន ដោយបានលុបបំណុល ចំនួនជិត ៥០,០០០ ដុល្លារអាមេរិក ជូនដល់យុទ្ធជនជួរមុខដែលរងរបួស និងក្រុមគ្រួសាររបស់ពួកគេផងដែរ។
ការអភិវឌ្ឍយុវជន កាលានុវត្តភាពការងារ និងនវានុវត្តន៍បច្ចេកវិទ្យា ទន្ទឹមនឹងការឆ្លើយតបចំពោះតម្រូវការសង្គមចំពោះមុខ ធនាគារ វីង ក៏បានបន្តវិនិយោគយ៉ាងសកម្មលើការកសាងធនធានមនុស្ស សម្រាប់អនាគតរបស់កម្ពុជា។ ដោយយល់ច្បាស់ពីសារៈសំខាន់នៃការអភិវឌ្ឍជំនាញ និងការរីកចម្រើននៃវិស័យឯកជន ធនាគារបានគាំទ្រដល់វេទិកានានាដែលជួយផ្សាភ្ជាប់សមត្ថភាពបុគ្គល ទៅកាន់កាលានុវត្តភាពការងារ និងឱកាសថ្មីៗយ៉ាងទូលំទូលាយ។ តាមរយៈពិព័រណ៍ការងារ និងផលិតភាពជាតិ ធនាគារ វីង បានផ្សាភ្ជាប់ទំនាក់ទំនង និងផ្ដល់ឱកាសដល់អ្នកស្វែងរកការងារជាង ៥,០០០ នាក់។ ទន្ទឹមនឹងនេះ ធនាគារបានចូលរួមគាំទ្រយ៉ាងសកម្មក្នុងវេទិកាសំខាន់ៗ រួមមាន ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ទិវាសន្សំអាស៊ាន និងកិច្ចប្រជុំកំពូលពាណិជ្ជកម្មអាស៊ាន-កម្ពុជា ២០២៥។ បន្ថែមលើនេះ ធនាគារក៏បានឧបត្ថម្ភដល់សភាពាណិជ្ជកម្មអន្តរជាតិ ដើម្បីពង្រឹងកិច្ចសន្ទនាលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែរីកចម្រើន។
ការលើកកម្ពស់នវានុវត្តន៍របស់យុវជន គឺជាសសរស្តម្ភដ៏សំខាន់មួយទៀត នៃបេសកកម្មរបស់ធនាគារ វីង។ តាមរយៈកិច្ចសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ធនាគារបានផ្តល់ហិរញ្ញប្បទានចំនួន ១២០ លានរៀល ជាប្រភេទមូលនិធិមិនតម្រូវឱ្យមានការចូលរួមភាគហ៊ុន (Non-equity financing) ជូនដល់ក្រុមធុរកិច្ចថ្មី ចំនួនប្រាំពីរ ក្នុងកម្មវិធីពន្លឿនអាជីវកម្ម។ ធនាគារ វីង បានចូលរួមឧបត្ថម្ភដល់កម្មវិធី Turing Hackathon រដូវកាលទី៩ ដែលមានបេក្ខជនចូលរួមចំនួន ៤០ នាក់ និងបានផ្ដល់រង្វាន់លើកទឹកចិត្តសរុបចំនួន ៩ លានរៀល ដល់ក្រុមជ័យលាភី។ ក្នុងកិច្ចការអភិវឌ្ឍធនធានមនុស្ស សិស្សានុសិស្សជាង ១០០ នាក់ បានទទួលការបណ្ដុះបណ្ដាល ក្នុងវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារ វីង ខណៈដែលកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រោមគំនិតផ្ដួចផ្ដើម «យុវជន២១» បាននឹងកំពុងផ្ដោតសំខាន់លើការកសាងជំនាញឌីជីថលដល់យុវជនកម្ពុជា ដើម្បីត្រៀមខ្លួនសម្រាប់យុគសម័យថ្មី។
ការលើកកម្ពស់បរិយាបន្ន នៅតែសំខាន់សម្រាប់បេសកកម្មមនុស្សធម៌របស់ធនាគារ វីង។ ជាក់ស្ដែងតាមរយៈកិច្ចសហការជាមួយមូលនិធិកុមារកម្ពុជា ធនាគារបានផ្ដល់វិភាគទានចំនួន ៧២,៨០៧ ដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអប់រំផ្នែក STEM សម្រាប់សិស្សស្រីនៅសាលា Tomorrow Academy។ បច្ចុប្បន្ន កម្មវិធីនេះកំពុងជ្រោមជ្រែងសិស្សានុសិស្សចំនួន ១៣៨នាក់ ក្នុងនោះសិស្សស្រីមានចំនួន ៨៨នាក់ ឱ្យទទួលបានការអប់រំ និងការចុះកម្មសិក្សានៅក្នុងវិស័យ ដែលមានសក្ដានុពលរីកចម្រើនខ្ពស់។
សកម្មភាពបរិស្ថាន៖
ការទទួលខុសត្រូវលើកិច្ចគាំពារបរិស្ថាន ក៏ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ នៅក្នុងសកម្មភាពទំនួលខុសត្រូវសង្គម របស់ធនាគារ វីង ផងដែរ។ ជាក់ស្ដែង ក្នុងឱកាសខែបរិស្ថានពិភពលោក ធនាគារបានគាំទ្រដល់យុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងសង្កាត់ស្ទឹងមានជ័យ ហើយក្នុងទិវារុក្ខទិវា ធនាគារបានឧបត្ថម្ភដល់ការដាំដើមឈើ និងការកែលម្អសម្ភារៈសិក្សានៅសាលាបឋមសិក្សាសែនសុខ ដែលបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់សិស្សានុសិស្សចំនួន ១៧២ នាក់។
ដោយឡែកនៅខេត្តតាកែវ បុគ្គលិកជាង ២៥០នាក់ បានចូលរួមយ៉ាងសកម្មក្នុងទិវាអនាម័យបរិស្ថានជាតិ ដោយបានផ្តល់វគ្គផ្សព្វផ្សាយចំណេះដឹងអំពីទឹកស្អាត និងអនាម័យដល់សិស្សានុសិស្សជាង ៣០០នាក់។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានបញ្ជាក់ថា «ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំទាំងនេះ ធនាគារ វីង នឹងបន្តពង្រឹងភាពជាដៃគូយូរអង្វែង និងផ្តល់អាទិភាពដល់គំនិតផ្តួចផ្តើម ដែលផ្តល់នូវលទ្ធផលជាក់ស្ដែង ដើម្បីសរបញ្ជាក់ពីការគាំទ្ររបស់យើងក្នុងនាមជាដៃគូដ៏ជឿជាក់ ដែលរួមចំណែកដល់ការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់កម្ពុជា»៕








