តម្លៃខ្លួន Waymo ហក់ឡើងដល់ ១១០ពាន់លានដុល្លារ និងកំពុងត្រៀមរៃអង្គាសទុនយក្សបន្តមហិច្ឆតាតាក់ស៊ីឥតអ្នកបើកបរ
02-02-2026 09:13
(បរទេស)៖ ក្រុមហ៊ុន Waymo ដែលជាបុត្រសម្ព័ន្ធរបស់ Alphabet (ក្រុមហ៊ុនមេរបស់ Google) កំពុងធ្វើឱ្យពិភពបច្ចេកវិទ្យាចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនគ្រោងរៃអង្គាសទុនបន្ថែមរហូតដល់ ១៦ ពាន់លានដុល្លារ។ ការបោះទុនថ្មីនេះ នឹងធ្វើឱ្យតម្លៃទីផ្សាររបស់ Waymo ហក់ឡើងដល់ជិត ១១០ ពាន់លានដុល្លារ ដែលជាសញ្ញាបង្ហាញពីការជឿជាក់ខ្ពស់ពីវិនិយោគិនយក្សដូចជា Sequoia Capital និង DST Global ជាដើម។ នេះបើយោងតាមរបាយការណ៍ពី Bloomberg News និងចេញផ្សាយបន្តដោយ CNA នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦។
បច្ចុប្បន្ន Waymo គឺជាក្រុមហ៊ុនឈានមុខគេតែមួយគត់ក្នុងសហរដ្ឋអាមេរិក ដែលបានដាក់ឱ្យដំណើរការតាក់ស៊ីស្វ័យប្រវត្តិ (Robotaxi) បម្រើភ្ញៀវដោយយកកម្រៃ ដោយមិនចាំបាច់មានមនុស្សអង្គុយបញ្ជានៅក្នុងរថយន្តឡើយ។ ជុំវិញភាពជោគជ័យនេះ តំណាងក្រុមហ៊ុនបានបញ្ជាក់ថា៖ «យើងកំពុងផ្ដោតលើការប្រតិបត្តិការដ៏ល្អឥតខ្ចោះដោយផ្អែកលើសុវត្ថិភាព និងភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ច្រើនលើសលប់នៃការធ្វើដំណើរដោយស្វ័យប្រវត្តិ»។
ទោះជាយ៉ាងណា ស្របពេលដែលអាជីវកម្មកំពុងរីកដុះដាល បញ្ហាសុវត្ថិភាពនៅតែជាឧបសគ្គធំ។ កាលពីសប្តាហ៍មុន អាជ្ញាធរសុវត្ថិភាពរថយន្តអាមេរិក បានបើកការស៊ើបអង្កេតជាបន្ទាន់ បន្ទាប់ពីរថយន្ត Waymo មួយគ្រឿងបានបុកក្មេងម្នាក់ឱ្យរងរបួសស្រាលនៅរដ្ឋ California។
គួរជម្រាបថា ករណីនេះបានក្លាយជាមេរៀន និងជាការដាស់តឿនដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សថា ទោះបីជាបច្ចេកវិទ្យាទំនើបប៉ុណ្ណាក៏ដោយ ប៉ុន្តែការធានាសុវត្ថិភាព ១០០% សម្រាប់អ្នកដំណើរ និងអ្នកថ្មើរជើង នៅតែជាសមរភូមិដ៏សំខាន់បំផុត ដើម្បីយកឈ្នះក្នុងទីផ្សាររថយន្តឆ្លាតវៃនាពេលអនាគត៕










