កំណើននិស្សិតប្រកួតអត្តពលកម្ម ផ្ដល់ផលវិជ្ជមានសម្រាប់កម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន

02-02-2026 13:00

(ភ្នំពេញ)៖ លោក ដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បានបង្ហាញការភ្ញាក់ផ្អើល ចំពោះកំណើននិស្សិតចូលរួមប្រកួតកីឡាអត្តពលកម្ម និងបានចាត់ទុកជាសញ្ញាណវិជ្ជមាន សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន នាឆ្នាំ២០២៨ ខាងមុខ។

ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីកីឡាករ-កីឡាការិនីជានិស្សិតចំនួន ៧៧៥នាក់ បានចូលរួមការប្រកួតកីឡាអត្តពលកម្មវិទ្យាស្ថានខេមអេដ ឆ្នាំ២០២៦ កាលពីថ្ងៃទី១ ខែកុម្ភៈចុងសប្ដាហ៍កន្លងទៅ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។

ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ លោកបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំ និងការចូលរួមដ៏ច្រើនរបស់និស្សិត ពិសេសស្ដ្រី។ ផ្អែកលើតួរលេខនៃការចូលរួម និងការរៀបចំលើវិញ្ញាជាច្រើននេះ ជាអ្វីដែលសហព័ន្ធបាននឹងកំពុងយកចិត្តទុកដាក់ ដើម្បីសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ នៅកម្ពុជា រួមទាំងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិផ្សេងៗទៀត។

លោក ដួង មាសចំរើន បន្ដថា «ពិតណាស់! កាលណាមាននិស្សិតលេងកីឡាច្រើន យើងនឹងងាយស្រួលស្វែងរកអត្តពលិកមានគុណភាព ដើម្បីចម្រាញ់យកអ្នកណាមានគុណផលខ្ពស់ ចូលក្នុងក្រុមជម្រើសជាតិ សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនាថ្ងៃអនាគត។ អត្តពលកម្មរបស់យើងមាន ៤៨វិញ្ញាសា ។ អ៊ីចឹងយើងមានឱកាសច្រើនណាស់ ក្នុងការពិនិត្យមើលពួកគាត់ថា ពួកគាត់មានគុណផលល្អលើវិញ្ញាសាអ្វី? ដើម្បីជ្រើសរើសមកចូលរួមក្នុងក្រុមជម្រើសជាតិ»

លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខាងលើ បានបង្ហាញមោទនភាព សម្រាប់កំណើននិស្សិតចូលរួមដ៏ច្រើនក្នុងឆ្នាំនេះ។ ចំពោះគោលបំណងនៃព្រឹត្តិការណ៍នេះដែរ ១-ដើម្បីជួបជុំលេងកីឡាសប្បាយរីករាយ បង្កើនមិត្តភាព និងលើកកម្ពស់សុខភាព, ២-ដើម្បីបង្កើនភាពប្រកួតប្រជែង និងការចេះតស៊ូ ដើម្បីសម្រេចគោលដៅក្នុងជីវិត និង ៣-ការបង្កើននូវស្មារតីកីឡា ទោះបីឈ្នះ ឬចាញ់ ត្រូវគោរពនូវលទ្ធផលបច្ចេកទេស។

សូមបញ្ជាក់ថា ការប្រកួតកីឡាអត្តពលកម្មជើងឯកវិទ្យាស្ថានខេមអេដ ឆ្នាំនេះ មាន ១៤វិញ្ញាសា រួមមានរត់ចម្ងាយ ៥គីឡូម៉ែត្របុរស, ៣គីឡូម៉ែត្រនារី, ១០០គីឡូម៉ែត្របុរស-នារី, លោតចម្ងាយបុរស-នារី, លោតកម្ពស់បុរស-នារី, ដោយដុំដែកបុរស-នារី, ចោលថាសបុរស-នារី និងចោលស្នបុរស-នារី។ មិនតែប៉ុណ្ណោះ សាលាក៏បានរៀបចំការប្រកួតកីឡាប៉េតង់ ហើយកីឡាករ-កីឡាការិនីទទួលបានជយលាភី ក៏ទទួលបានមេដាយ អមរង្វាន់លើកទឹកចិត្តផងដែរ៕