ទាំងអង់គ្លេស និង Real កំពុងអន្តះសារចង់ដឹង ពីស្ថានភាពរបួសរបស់ខ្សែបម្រើ Bellingham
02-02-2026 14:10
(បរទេស)៖ ទាំងក្រុមជម្រើសជាតិតោកំណាចអង់គ្លេស រួមទាំងក្លឹបអាជីព Real Madrid បានទន្ទឹងរង់ចាំយ៉ាងតក់ក្រហល់ ពីស្ថានភាពរបួសសរសៃពួររបស់ខ្សែបម្រើ Jude Bellingham បន្ទាប់ពីរងរបួសនៅជំនួបដែលអធិរាជសបានយកឈ្នះ Rayo Vellecano ២-១។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអន្តរជាតិអង់គ្លេស វ័យទើបតែ ២២ឆ្នាំរូបនេះ បានសម្រក់ទឹកភ្នែក ពេលប្តូរចេញជំនួសដោយ Brahim Diaz ក្រោយលេងមិនបាន ១០នាទីផងនៅកីឡដ្ឋាន Bernabeu នៃក្របខណ្ឌ La Liga។
តាមរយៈបញ្ហារបួសនេះដែរ Bellingham បានស្ថិតក្នុងមន្ទិលសម្រាប់ក្រុមអង់គ្លេស ដែលត្រូវលេងមិត្តភាពអន្តរជាតិទល់នឹងអ៊ុយរូហ្គាយ នាថ្ងៃទី២៧ ខែមីនា និង ៤ថ្ងៃបន្ទាប់ប៉ះសាម៉ូរៃខៀវជប៉ុន មុនពេលអ្នកចាត់ការទូទៅតោកំណាច លោក Thomas Tuchel ប្រកាសបញ្ជីឈ្មោះនាអំឡុងខែឧសភា ដើម្បីលេង World Cup 2026។
ក្រោយពីទទួលបានជ័យជម្នះ អ្នកចាត់ការ Alvaro Arbeloa បាននិយាយ «រូបលោកមិនដឹងច្បាស់ពីបញ្ហារបួសរបស់ Bellingham នោះទេ»៕



