Liverpool ព្រមព្រៀងលើតម្លៃផ្ទេរ ៦០លានផោន ចំពោះខ្សែការពារ Jacquet ពីក្លឹប Rennes
02-02-2026 14:41
(បរទេស)៖ ក្រុមជើងឯកលីគអង់គ្លេស Liverpool បានព្រមព្រៀងគ្នាជាមួយក្លឹប Rennes របស់បារាំង ដើម្បីទិញយកខ្សែការកណ្តាល Jeremy Jacquet ក្នុងតម្លៃប្រមាណ ៦០លានផោន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ក្រោយពិនិត្យសុខភាពរួចរាល់ កីឡាករវ័យទើបតែ ២០ឆ្នាំ នឹងផ្លាស់មកចូលរួមជាមួយហង្សក្រហមជាផ្លូវការនារដូវក្តៅនេះតែម្តង ក្រោយ Liverpool ព្រមព្រៀងលើតម្លៃទិញ ៥៥លានផោន និងបូកបន្ថែមផ្សេងៗទៀត ៥លានផោនរួចមក។
ការជជែកពីលក្ខខណ្ឌផ្ទាល់ខ្លួន ពុំមានអ្វីចោទជាបញ្ហានោះទេ ជាមួយកីឡាករស្ថិតក្នុងឈុត U-21 របស់មាន់គកបារាំងរូបនេះ។
Jeremy Jacquet ដែលបានចូលរួមជាមួយឈុត U-19 បារាំងកាលនៅ Euro 2024 ក៏ស្ថិតក្នុងរ៉ាដារបស់តោខៀវ Chelsea មកដែរនាអំឡុងរដូវកាលដោះដូរកីឡាករប្រចាំខែមករា ឆ្នាំ២០២៦ ទោះដឹងថា ប្រជែងមិនឈ្នះ Liverpool ក្តី។
Liverpool បានកំពុងសំឡឹងរកខ្សែការពារកណ្តាលដូចគ្នា ដើម្បីមកជំនួសកន្លែងរបស់ Ibrahima Konate របស់បារាំងផងដែរ មុនពេលកិច្ចសន្យាចាស់របស់គេនឹងអស់សុពលភាពនៅ Anfield ពេលចប់រដូវកាល ២០២៥-២៦ ដ្បិតក្រុមរបស់លោក Arne Slot បានរបូតខ្សែការពារ Marc Guehi ដែលបានទៅចូលរួមជាមួយ Manchester City កាលពីខែមករា ឆ្នាំ២០២៦៕



