Oracle គ្រោងប្រមូលទុនមហាសាល ៥០ ពាន់លានដុល្លារ ដើម្បីពង្រីក AI Cloud ខណៈកំពុងប្រឈមនឹងបណ្ដឹងពីម្ចាស់បំណុល

02-02-2026 17:27

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Oracle បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានការភ្ញាក់ផ្អើល បន្ទាប់ពីបានប្រកាសផែនការរៃអង្គាសទុនចន្លោះពី ៤៥ ទៅ ៥០ ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ (Data Centers) បម្រើឱ្យតម្រូវការដ៏ច្រើនលើសលប់នៃប្រព័ន្ធ AI។ ការប្រកាសនេះ​កើតឡើង​ចំពេល​​ដែលក្រុមហ៊ុន​កំពុងរងការរិះគន់ និងប្រឈមមុខនឹងបណ្ដឹងផ្លូវច្បាប់ពីសំណាក់ម្ចាស់ប័ណ្ណបំណុលជុំវិញភាពមិនច្បាស់លាស់នៃ​បំណុល​កើនឡើងខ្ពស់។

ក្រុមហ៊ុនដែលដឹកនាំដោយមហាសេដ្ឋី Larry Ellison រូបនេះ បានបញ្ជាក់ថា ខ្លួននឹងប្រើប្រាស់វិធីសាស្ត្រចម្រុះដើម្បីប្រមូលប្រាក់ ពាក់កណ្ដាលដំបូង តាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណ ក្នុងដើមឆ្នាំ ២០២៦ នេះ និងពាក់កណ្ដាលទៀត ប្រមូលតាមរយៈការបោះផ្សាយលក់ភាគហ៊ុនថ្មីៗ រួមទាំងកម្មវិធី ដែលមានតម្លៃរហូតដល់ ២០ ពាន់លានដុល្លារ។

Oracle បញ្ជាក់ថា ការប្រមូលទុននេះគឺដើម្បីឆ្លើយតបនឹងកិច្ចសន្យាដែលមានស្រាប់ជាមួយអតិថិជនធំៗដូចជា Meta, NVIDIA, TikTok, xAI និងជាពិសេសគឺ OpenAI។

ទោះបីជាមានមហិច្ឆតាខ្ពស់ ប៉ុន្តែ Oracle កំពុងស្ថិតក្នុងស្ថានភាព «គ្រោះថ្នាក់» ផ្នែកហិរញ្ញវត្ថុ។ កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦ ក្រុមវិនិយោគិនបានប្ដឹង Oracle ទៅតុលាការក្រុង New York ដោយចោទថា ក្រុមហ៊ុនបាន «លាក់បាំង» ព័ត៌មានអំពីតម្រូវការខ្ចីបុលបន្ថែម។ ពួកគេអះអាងថា ក្រុមហ៊ុនបានបោកបញ្ឆោតពួកគេឱ្យទិញប័ណ្ណបំណុលកាលពីខែកញ្ញា ឆ្នាំមុន មុននឹងប្រកាសខ្ចីប្រាក់រាប់សិបពាន់លានដុល្លារបន្ថែមទៀត ដែលធ្វើឱ្យតម្លៃប័ណ្ណបំណុលចាស់ធ្លាក់ចុះ។ វិនិយោគិនបារម្ភថា វាសនារបស់ Oracle កំពុងចងភ្ជាប់ទៅនឹង OpenAI ដែលជាក្រុមហ៊ុនមិនទាន់មានប្រាក់ចំណេញ និងមិនទាន់មានផែនការច្បាស់លាស់ក្នុងការសងបំណុលវិញ។

កាលពីខែធ្នូ ឆ្នាំ ២០២៥ តម្លៃធានារ៉ាប់រងបំណុលរបស់ Oracle បានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ៥ ឆ្នាំ។ នេះមានន័យថា ទីផ្សារហិរញ្ញវត្ថុមើលឃើញថា ការជំពាក់បំណុលរបស់ Oracle កំពុងឈានដល់កម្រិតប្រកាសអាសន្ន ដោយសារតែការចំណាយលើ AI មិនទាន់ផ្ដល់ផលចំណេញមកវិញភ្លាមៗ។

ហេតុអ្វីបានជា Oracle ត្រូវការលុយច្រើនម្ល៉េះក្នុងពេលតែមួយ? ដោយសារការប្រកួតប្រជែងក្នុងវិស័យ Cloud AI កំពុងកើនឡើងខ្លាំង។ Oracle ត្រូវសាងសង់មជ្ឈមណ្ឌលទិន្នន័យដែលបំពាក់ដោយឈីប NVIDIA រាប់ម៉ឺនគ្រាប់ ដើម្បីបម្រើឱ្យក្រុមហ៊ុនដូចជា OpenAI និង Meta។

តើបណ្ដឹងរបស់ម្ចាស់ប័ណ្ណបំណុលអាចរារាំងគម្រោងនេះបានទេ? បណ្ដឹងនេះអាចធ្វើឱ្យការប្រមូលទុនថ្មីមានការលំបាក ឬត្រូវបង់ការប្រាក់ខ្ពស់ជាងមុន ប៉ុន្តែវាមិនអាចបញ្ឈប់គម្រោងរបស់ក្រុមហ៊ុនបានភ្លាមៗនោះទេ។

តើ Larry Ellison និយាយអ្វីខ្លះជុំវិញបញ្ហានេះ? លោក Larry Ellison នៅតែបង្ហាញភាពជឿជាក់ថា តម្រូវការ Cloud របស់ Oracle គឺលើសពីសមត្ថភាពដែលក្រុមហ៊ុនមាននាពេលបច្ចុប្បន្ន ដូច្នេះការវិនិយោគនេះគឺចាំបាច់ដើម្បីរក្សាភាពជាអ្នកដឹកនាំក្នុងទីផ្សារ៕