NOCC នឹងដំឡើងកម្រិតអាយុក្នុងព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក ក្រោយទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីនាឆ្នាំដំបូង
02-02-2026 18:28
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គ្រោងពង្រីកការរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក (Cambodia Baby Olympic) នាឆ្នាំបន្ទាប់កាន់តែធំ ជាមួយការដំឡើងកម្រិតអាយុបន្ថែមរហូតដល់ ១០ឆ្នាំ បន្ទាប់ពីទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីអាណាព្យាបាល ក៏ដូចជាកុមារា-កុមារី ក្នុងព្រឹត្តិការណ៍លើកដំបូង ដែលបានប្រព្រឹត្តទៅដោយជោគជ័យកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើបអ៊ីអនមានជ័យ។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានបង្ហាញសេចក្ដីសោមនស្សរីករាយ ចំពោះដំណើរការរៀបចំលើកដំបូង នៃព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក កម្រិតអាយុពី ១ឆ្នាំ ដល់ ៧ឆ្នាំ ដែលមានការចូលរួមពីកុមារលើសពីការរំពឹងទុក រហូតដល់ ៣៥០នាក់។ មិនតែប៉ុណ្ណោះ ក៏មានលោកយាយលោកតា អ៊ំពូមីង ពិសេសមាតាបិតារបស់កុមារទាំងអស់ បានចូលរួមលើកទឹកចិត្ត និងលេងកម្សាន្ដជាមួយកូនៗយ៉ាងច្រើនកុះករ ប្រកបដោយស្នាមញញឹម និងអនុស្សាវរីយ៍។
សកម្មភាពទាំងអស់នេះ ក្នុងនាមមន្ដ្រីជាន់ខ្ពស់នៃចលនាអូឡាំពិកជាតិ ដែលជាផ្នែកមួយនៃស្មារតី និងឧត្តមគតិអូឡាំពិកអន្ដរជាតិ បានចាត់ទុកការគាំទ្រភ្លូកទឹកភ្លូកដីរបស់អាណាព្យាបាល និងកុមារកម្ពុជា ក្នុងឆ្នាំដំបូងនេះ គឺជាជោគជ័យមួយដ៏ធំ ក្នុងការបំផុសស្មារតីកីឡាដល់កុមារតាំងពីតូច។ បន្ថែមលើនេះក៏មានអាណាព្យាបាលជាច្រើន សំណូមពរឲ្យបន្ថែមកម្រិតអាយុ ខណៈជាការឆ្លើយតប នាឆ្នាំក្រោយ NOCC នឹងដំឡើងកម្រិតអាយុចូលរួមពី ១ឆ្នាំ រហូតដល់ ១០ឆ្នាំ ដើម្បីផ្ដល់ឱកាសដល់កុមារបានចូលរួមសកម្មភាពកីឡាកាន់តែច្រើនបន្ថែមទៀត។
គួរដឹងថា ក្នុងនាមសមាជិកគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) នេះគឺជាឆ្នាំដំបូង ដែលកម្ពុជាបានរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក ហើយ NOCC គ្រោងនឹងបន្ដកិច្ចសហការជាមួយដៃគូ ដើម្បីរៀបចំជារៀងរាល់ឆ្នាំ ដើម្បីប្រែក្លាយជាព្រឹត្តិការណ៍នេះ ជាវេទិការផ្ដល់ឱកាសសម្រាប់ការជួបជុំគ្នារវាងកុមារតូចៗ ជាមួយមាតាបិតា ក៏ដូចជាការៀបចំនូវចលនាកីឡាអូឡាំពិកមួយ ដោយផ្ដើមចេញពីកុមារតូចៗទៅ ស្របពេលបច្ចុប្បន្ន ពិភពលោក បាននឹងកំពុងជំរុញខ្លាំងលើការងារនេះ ហើយចង់ឃើញម្ចាស់មេដាយអូឡាំពិកនាថ្ងៃអនាគត កើតចេញពីព្រឹត្តិការណ៍នេះផងដែរ។
សម្រាប់ការរៀបចំព្រឹត្តិការណ៍កុមារអូឡាំពិក ឆ្នាំ២០២៦ មានកីឡា ១០ប្រភេទ រួមមានកីឡាវារ កីឡាប្រើបញ្ញាអូឡាំពិក និងកីឡារត់ សម្រាប់កុមារចន្លោះអាយុ ១ ទៅ ២ឆ្នាំ, កីឡាប្រណាំងកង់ដោល, លើកទម្ងន់ និងបាល់បោះ សម្រាប់កុមារចន្លោះអាយុ ៣ ទៅ ៤ឆ្នាំ រួមជាមួយកីឡាបាល់ទាត់ យុទ្ធគុនចម្រុះ វាយកូនគោល និងវាយសី សម្រាប់កុមារចន្លោះអាយុ ៥ ទៅ ៧ឆ្នាំ។ ទោះបីការប្រកួតមិនផ្ដោតសំខាន់លើលទ្ធផលឈ្នះចាញ់ តែក្រោយបញ្ចប់ការប្រកួតតាមវិញ្ញាសានីមួយៗ គណៈកម្មការរៀបចំក៏បានផ្ដល់នូវមេដាយ និងរង្វាន់លើកទឹកចិត្តដល់កុមារជយលាភីពីលេខ១ ដល់លេខ៣ ផងដែរ៕











