កីឡាទោចក្រយាន បើកទំព័រថ្មី រៀបចំវគ្គបណ្ដុះបណ្ដាលគ្រូកម្រិត១ ដែលមានគ្រូឧទ្ទេសជាខ្មែរ
03-02-2026 09:14
(ភ្នំពេញ)៖ ធ្លាប់តែបញ្ជូនសិក្ខាកាមទៅរៀនវគ្គគ្រូបង្វឹកកម្រិតមូលដ្ឋាន និងកម្រិត១ ក្រៅស្រុក តែឆ្នាំ២០២៦ នេះ គឺជាការបើកទំព័រថ្មី សម្រាប់សហព័ន្ធកីឡាទោចក្រយានកម្ពុជា ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត១ ដែលបង្រៀនដោយគ្រូឧទ្ទេសជាជនជាតិខ្មែរលើកដំបូង គឺលោក យឿន ភីយុទ្ធ ដែលទើបបញ្ចប់វគ្គបណ្ដុះបណ្ដាល និងទទួលបានសញ្ញាបត្រគ្រូបង្វឹកអន្ដរជាតិកម្រិត៣ ពីមជ្ឈមណ្ឌលកីឡាទោចក្រយានពិភពលោក (WCC) នៅប្រទេសស្វីសកាលពីឆ្នាំ២០២៥។
នេះបើតាមការលើកឡើងរបស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ ក្រោយជួបសំណេះសំណាលជាមួយសិក្ខាកាមចំនួន ២៥រូប ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូបង្វឹកកីឡាទោចក្រយានកម្រិត១ ដែលគ្រោងនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០២-០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោកថា ការបណ្ដុះបណ្ដាលធនធានគ្រូបង្វឹក ត្រូវឆ្លងកាត់ ៤កម្រិត ពីកម្រិតបឋម កម្រិត១ កម្រិត២ និងកម្រិត៣ ដែលជាកម្រិតខ្ពស់បំផុត។ ប៉ុន្ដែកន្លងមកដោយសារកម្ពុជា ពុំទាន់មានគ្រូ ដែលទទួលសញ្ញាបត្រកម្រិត៣ រាល់ការបណ្ដុះបណ្ដាលគ្រូកម្រិតមូលដ្ឋាន ឬកម្រិត១ ក៏ដូចជាកម្រិត២ សហព័ន្ធតែងបញ្ជូនទៅរៀននៅតាមបណ្ដាប្រទេសសមាជិកក្នុងតំបន់។ ប៉ុន្ដែឆ្នាំនេះក្រោយកម្ពុជាមានគ្រូបង្វឹកទទួលបានសញ្ញាបត្រកម្រិត៣ លើកដំបូង គឺលោក យឿន ភីយុទ្ធ សហព័ន្ធក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូកម្រិត ដែលបង្រៀនផ្ទាល់ដោយគ្រូឧទ្ទេសជនជាតិខ្មែរតែម្ដង។
លោកបានចាត់ទុកនេះគឺជារបត់ថ្មី និងជាឱកាសមួយដ៏ល្អ ការដែលកម្ពុជាមានលទ្ធភាពបណ្ដុះបណ្ដាលធនធានគ្រូ ដោយគ្រូឧទ្ទេសខ្មែរ មានសញ្ញាបត្រកម្រិតអន្ដរជាតិ ដែលនឹងបង្កភាពងាយស្រួលក្នុងការសិក្សារៀនសូត្រ និងអភិវឌ្ឍន៍សមត្ថភាព ដើម្បីផលិតនូវធនធានគ្រូបង្វឹកកាន់តែច្រើន សម្រាប់រួមចំណែកបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីតាមបណ្ដារាជធានី-ខេត្ត ត្រៀមចូលរួមការប្រកួត ទាំងលើឆាកជាតិ និងអន្ដរជាតិ ពិសេសការបណ្ដុះនូវធនធានអត្តពលិកវ័យក្មេងត្រៀមទទួលធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១ ខាងមុខ៕









