Google និង Liberty Global ចាប់ដៃគ្នាប្រើ AI ទំនើបចុងក្រោយ ផ្លាស់ប្តូរមុខមាត់វិស័យទូរគមនាគមន៍នៅអឺរ៉ុប

03-02-2026 10:02

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google Cloud និងក្រុមហ៊ុនទូរគមនាគមន៍លំដាប់ពិភពលោក Liberty Global បានប្រកាសជាផ្លូវការនូវកិច្ចព្រមព្រៀងយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំ ដើម្បីដាក់ពង្រាយប្រព័ន្ធបញ្ញាសិប្បនិម្មិត Gemini AI ទៅក្នុងសេវាកម្មរបស់ខ្លួននៅទូទាំងអឺរ៉ុប។ កិច្ចសហការនេះនឹងធ្វើឱ្យការប្រើប្រាស់អ៊ីនធឺណិត និងទូរទស្សន៍ខ្សែកាប ក្លាយជាបទពិសោធន៍ដ៏ឆ្លាតវៃមិនធ្លាប់មាន។

តាមរយៈកិច្ចព្រមព្រៀងដែលចុះផ្សាយដោយភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ផ្ទាល់ពីការប្រើ AI ដើម្បីជួយស្វែងរកកម្មវិធីទូរទស្សន៍ដែលពួកគេចូលចិត្តបានយ៉ាងរហ័ស និងប្រព័ន្ធឆ្លើយឆ្លងសេវាកម្មអតិថិជនដ៏រហ័សទាន់ចិត្ត។ លោក Mike Fries នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Liberty Global បានបញ្ជាក់ថា៖ «ការពង្រីកភាពជាដៃគូរបស់យើងជាមួយ Google Cloud តំណាងឱ្យរបត់ដ៏សំខាន់មួយសម្រាប់ Liberty Global»

គួររំលឹកផងដែរថា Liberty Global គឺជាក្រុមហ៊ុនមេនៃបណ្តាញទូរគមនាគមន៍ដ៏មានឥទ្ធិពលបំផុតមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ មានទីស្នាក់ការនៅចក្រភពអង់គ្លេស។ បច្ចុប្បន្ន ក្រុមហ៊ុននេះគ្រប់គ្រងការតភ្ជាប់សេវាអ៊ីនធឺណិត និងទូរស័ព្ទប្រហែល ៨០ លានខ្សែនៅទូទាំងអឺរ៉ុប តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធល្បីៗដូចជា Virgin Media O2 (អង់គ្លេស), Telenet (បែលហ្ស៊ិក), VodafoneZiggo (ហូឡង់) និង Sunrise (ស្វីស)។

ក្រៅពីការប្រើប្រាស់ AI អតិថិជនរបស់ Liberty ក៏នឹងមានឱកាសប្រើប្រាស់ផលិតផលទំនើបៗរបស់ Google ដូចជាទូរស័ព្ទ Pixel និងឧបករណ៍ផ្ទះឆ្លាតវៃ (Smart Home) កាន់តែងាយស្រួល។ លើសពីនេះ ភាពជាដៃគូនេះក៏ផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មខ្នាតតូច តាមរយៈសេវាកម្មរក្សាទុកទិន្នន័យ (Cloud) និងប្រព័ន្ធការពារសុវត្ថិភាពសាយប័រដ៏រឹងមាំ។

លោកស្រី Tara Brady ប្រធានក្រុមហ៊ុន Google Cloud ប្រចាំតំបន់ EMEA បានសង្កត់ធ្ងន់ថា៖ «គោលដៅរបស់យើងគឺសាមញ្ញ៖ ប្រើប្រាស់បច្ចេកវិទ្យាដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងផ្តល់តម្លៃដល់អតិថិជន និងដៃគូរបស់យើង»។ ការបោះជំហាននេះ មិនត្រឹមតែជួយកាត់បន្ថយចំណាយប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការប្រកួតប្រជែងដ៏ធំមួយក្នុងសមរភូមិបច្ចេកវិទ្យា 5G និង AI ក្នុងវិស័យទូរគមនាគមន៍នាពេលបច្ចុប្បន្នផងដែរ៕