ធនាគារ វីង លុបបំណុល ១៥០.០០០ដុល្លារ បន្ថែមទៀតសម្រាប់គ្រួសាររងគ្រោះតាមព្រំដែន

03-02-2026 10:09

(ភ្នំពេញ)៖ ធនាគារ វីង បានប្រកាសលុបបំណុលចំនួន ១៥០.០០០ ដុល្លារអាមេរិក បន្ថែមទៀតសម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមតំបន់ព្រំដែននាពេលថ្មីៗនេះ ដែលជាការលុបបំណុលលើកទី២ សម្រាប់អតិថិជនធនាគារ វីង។ អតិថិជនទាំងនេះមានទីលំនៅក្នុងខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។

ការលុបបំណុលនេះត្រូវបានប្រកាសដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន។ តាមរយៈគំនិតផ្តួចផ្តើមនេះ គ្រួសារខ្លះបានទទួលការកាត់បន្ថបំណុលចំនួន ៧៥% នៃសមតុល្យកម្ចីដែលមិនទាន់បានទូទាត់សងធនាគារ វីង ហើយមានគ្រួសារខ្លះទៀតត្រូវបានលុបបំណុលចោលទាំងស្រុង។

លោកបណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ «មានប្រជាជនជាច្រើននាក់កំពុងជួបការលំបាក ដូច្នេះវាពិតជាចាំបាច់ណាស់ដែលយើងត្រូវជួយឧបត្ថម្ភគាំទ្រពួកគាត់តាមការគួរ។ យើងតាំងចិត្តបំពេញកិច្ចការអ្វីដែលយើងអាចធ្វើបានទៅតាមលទ្ធភាព ដើម្បីជួយសហគមន៍ឱ្យរួចពីទុក្ខលំបាក និងកសាងជីវភាពឡើងវិញ»។

ក្រៅពីនេះផងដែរ ធនាគារ វីង ក៏បានជួយដល់ប្រជាជនដែលរងទុក្ខលំបាកដោយសារវិបត្តិនៅតាមតំបន់ព្រំដែនតាមរយៈសកម្មភាពសប្បុរសធម៌ជាច្រើន។ តួយ៉ាង កាលពីខែកញ្ញា ឆ្នាំមុន ធនាគារ វីង បានលុបបំណុលប្រមាណ ៥០.០០០ ដុល្លារអាមេរិកដល់ប្រជាជនដែលរងផលប៉ះពាល់ដោយបញ្ហាព្រំដែនផងដែរ ដែលធ្វើឱ្យការលុបបំណុលសរុបរបស់ធនាគារ វីង កើនដល់ ២០០.០០០ ដុល្លារ។

ក្រៅពីការលុបបំណុល ធនាគារ វីង ក៏បានរួមសហការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ ដោយបាននាំយកនូវជំនួយមនុស្សធម៌ជាច្រើនជូនដល់គ្រួសារភៀសសឹកដែលរងទុក្ខលំបាកដោយសារបញ្ហាព្រំដែន។ គ្រាន់តែខែសីហា ២០២៥ ជំនួយសប្បុរសធម៌ត្រូវបានចែកជូនដល់ជាង ២.០០០ គ្រួសារ នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។

ក៏មានជំនួយបន្ថែមត្រូវបានផ្តល់ជូនជាបន្តបន្ទាប់ទៀតកាលពីខែធ្នូ ឆ្នាំ២០២៥ ដោយបាននាំយកនូវគ្រឿងឧបភោគបរិភោគជាច្រើនជូនដល់គ្រួសារភៀសឹកនៅខេត្តកោះកុង និងខេត្តពោធិ៍សាត់។ ជំនួយទាំងនោះ រួមមាន៖ អង្ករ ៣០តោន មី ២០០០កេស និងរបស់ប្រើប្រាស់ប្រចាំថ្ងៃចំនួន ៣០០០កញ្ចប់ ដែលមាននូវមុង ភួយ កន្ទេល ក្រមា និងសារុងជាដើម។

សកម្មភាពសប្បុរសទាំងនេះ ត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំង លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ។

លើសពីនេះ បុគ្គលិកធនាគារ វីង បានបង្ហាញនូវស្មារតីសាមគ្គីភាពជាសមូហភាពដ៏រឹងមាំ ដោយស្ម័គ្រចិត្តបរិច្ចាគ ៥% នៃប្រាក់បៀវត្សរ៍ខែធ្នូរបស់ពួកគេ ជូនដល់ «មូលនិធិទ្រទ្រង់ជនភៀសសឹក»។ នេះជាការបរិច្ចាគលើកទីបីរបស់បុគ្គលិកធនាគារ វីង បន្ទាប់ពីបញ្ហាព្រំដែនបានកើតឡើងតាំងពីពាក់កណ្តាលឆ្នាំ ២០២៥ ដោយការបរិច្ចាគលើកទីមួយធ្វើឡើងកាលពីខែមិថុនា និងលើកទីពីរនៅខែសីហា។

តាមរយៈការបន្តផ្តល់នូវជំនួយផ្នែកហិរញ្ញវត្ថុ ជំនួយមនុស្សធម៌នានា ក៏ដូចជាការចូលរួមរបស់បុគ្គលិកទាំងអស់ ធនាគារ វីង បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយដល់សហគមន៍កម្ពុជាក្នុងគ្រាលំបាក៕