អនាគតរបស់ Ronaldo នៅជាមួយ Al-Nassr ស្ថិតក្នុងមន្ទិល ក្រោយបដិសេធមិនលេងទល់នឹង Al-Riyadh

03-02-2026 10:16

(បរទេស)៖ បញ្ហាអនាគតរបស់កីឡាករ Cristiano Ronaldo ជាមួយក្លឹប Al-Nassr បានធ្លាក់ចូលក្នុងស្ថានភាពដ៏គួរឱ្យសង្ស័យ ក្រោយរូបលោកមិនមានឈ្មោះលេងក្នុងលីគ Saudi Pro League កាលពីរាត្រីថ្ងៃចន្ទម្សិលមិញទល់នឹងក្រុម Al-Riyadh។

ប្រភពពី A Bola ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC បានឱ្យដឹងថា ខ្សែប្រយុទ្ធវ័យជាង ៤០ឆ្នាំខាងលើនេះ បានបដិសេធមិនចូលរួមប្រកួត ក៏ព្រោះតែមិនពេញចិត្តទៅនឹងការដឹកនាំរបស់ក្រុមហ៊ុន Saudi Arabia’s Public Investment Fund (FIF)។

ភាគីទាំងពីរ ពោលគឺក្លឹប Al-Nassr និង Al-Hilal គឺជាក្រុមដែលជោគជ័យបំផុតក្នុងពានលីគ តាមរយៈឈ្នះជើងឯកបាន ១៩លើកដូចគ្នា ដោយស្ថិតក្រោមការគ្រប់គ្រងរបស់ PIF រួមទាំងក្លឹបសារិកាព្រៃ Newcastle United របស់អង់គ្លេសថែមទៀតផង។

BBC Sport បានរាយការណ៍ថា ការនាំចូលខ្សែប្រយុទ្ធ Karim Benzema គឺជាដើមចមដែលនាំឱ្យ Ronaldo ប្រេះឆាជាមួយ Al-Nassr នាពេលនេះ។

ប្រភពពីដ៏គួរឱ្យទុកចិត្តពី Al-Nassr ក៏បានទម្លាយផងដែរថា «Ronaldo ចូលចិត្តការប្រកួតប្រជែងខ្លាំង ហើយក៏មិនចង់ឱ្យមានក្លឹបដទៃខ្លាំងជាងខ្លួនដែរ ដែលស្ថិតក្រោមម្ចាស់តែមួយទៀតផង»

ជាការកត់សម្គាល់ផងថា អតីតខ្សែប្រយុទ្ធបារាំង Benzema ធ្លាប់ជាអតីតមិត្តរួមក្រុមនៅ Real Madrid ដែលបានផ្ទេរចូលក្លឹប Äl-Hilal កាលពីរាត្រីថ្ងៃចន្ទ បន្ទាប់កិច្ចសន្យាចាស់នៅក្លឹប Al-Ittihad ត្រូវបានរំលាយ ដោយសារជួបភាពរកាំរកូសជាមួយគ្រូបង្វឹករួចមក។

ទោះជាយ៉ាងណា Ronaldo ម្ចាស់ពានបាល់មាស Ballon d’Or ៥សម័យកាល កំពុងត្រូវបានគេតាមដានពីអនាគតរបស់លោកនៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលទើបចុះកិច្ចសន្យា ២ឆ្នាំបន្ថែមទៀតកាលខែមិថុនា ឆ្នាំ២០២៥ ក្នុងនាមជា Top scorer នារដូវកាល ២០២៤-២៥ ក្នុងលីគ Saudi Pro League៕