រថយន្ត GAC គ្រងតំណែងលេខ១ ជាយីហោរថយន្តដែលរក្សាតម្លៃលក់បន្តបានខ្ពស់បំផុតនៅចិន

03-02-2026 10:24

(បរទេស)៖ យោងតាមរបាយការណ៍សន្ទស្សន៍តម្លៃលក់បន្តឆ្នាំ ២០២៥ ដែលចេញផ្សាយដោយសមាគមអ្នកចែកចាយរថយន្តចិន និងស្ថាប័ន Jingzhengu បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុន GAC សម្រេចបានលទ្ធផលយ៉ាងឆ្នើមដោយជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមយីហោចិន សម្រាប់ការរក្សាតម្លៃបានល្អបំផុតរយៈពេល ៣ ឆ្នាំ។ សមិទ្ធផលនេះបានសបញ្ជាក់ថា «តម្លៃលក់បន្ត» គឺជាខ្នាតវាស់ស្ទង់ថ្មីមួយនៃគុណភាព និងភាពជឿជាក់ ខណៈដែលទីផ្សាររថយន្តកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ Vietnam Investment Review នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦។

តាមរយៈការវាយតម្លៃយ៉ាងម៉ត់ចត់ រថយន្ត GAC បាននាំមុខក្នុងតារាងចំណាត់ថ្នាក់តាមប្រភេទរថយន្តសំខាន់ៗដូចខាងក្រោម៖

. ប្រភេទរថយន្ត MPV៖ ម៉ូដែល M8 គ្រងតំណែងលេខ១ លើតម្លៃលក់បន្តរយៈពេល ៣ ឆ្នាំ ខណៈដែល E8 និង E9 ទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ សម្រាប់ប្រភេទរថយន្ត Plug-in Hybrid។

. ប្រភេទរថយន្ត SUV៖ ម៉ូដែល GS8 ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមរថយន្ត SUV ខ្នាតកណ្តាល រីឯ GS3 EMZOOM ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងប្រភេទ SUV ខ្នាតតូច។

. ប្រភេទរថយន្ត Sedan៖ ម៉ូដែល EMPOW និង GA6 ទទួលបានចំណាត់ថ្នាក់ខ្ពស់ក្នុងលេខរៀងទី៣ និងទី៤ តាមលំដាប់ថ្នាក់រថយន្តខ្នាតតូច និងមធ្យម។

បន្ថែមពីនេះ យីហោរថយន្តអគ្គិសនី AION ក៏បានបង្ហាញសមត្ថភាពគួរឱ្យកត់សម្គាល់ ដោយម៉ូដែល AION RT និង AION Y បានជាប់ឈ្មោះក្នុងតារាងកំពូល ដែលឆ្លុះបញ្ចាំងពីជោគជ័យនៃយុទ្ធសាស្ត្រផលិតកម្ម «គ្មានចំណុចខ្វះខាត» ចេញពីរោងចក្រ Lighthouse Factory ដ៏ល្បីល្បាញរបស់ខ្លួន។

គួរជម្រាបថា ជោគជ័យដ៏ធំធេងនេះ មិនត្រឹមតែបង្ហាញពីភាពខ្លាំងនៃសង្វាក់ផលិតកម្មរបស់ GAC ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាជំរុញឱ្យអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្ត។ របាយការណ៍ដដែលបានបញ្ជាក់ថា តម្លៃលក់បន្តមាន «ឥទ្ធិពលយ៉ាងខ្លាំងដល់ការសម្រេចចិត្តទិញរបស់អ្នកប្រើប្រាស់»។ ក្នុងឱកាសនេះ តំណាងក្រុមហ៊ុនបានសង្កត់ធ្ងន់ថា៖ «GAC នឹងបន្តបង្កើនសមត្ថភាពប្រកួតប្រជែង ដើម្បីដឹកនាំការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មរថយន្តរបស់ប្រទេសចិន»