អត្តពលិកវាយកូនបាល់ ១២ប្រទេស ចូលរួមប្រកួតជម្រុះ ITF ASIA 14&U Development Championships នៅកម្ពុជា

03-02-2026 11:00

(ភ្នំពេញ)៖ ដោយទទួលបានទំនុកចិត្តពីសហព័ន្ធអន្ដរជាតិ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបន្ដធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍វាយកូនបាល់អន្ដរជាតិមួយទៀតហើយ គឺការប្រកួតជម្រុះជើងឯកអភិវឌ្ឍន៍ទ្វីបអាស៊ី អាយុក្រោម ១៤ឆ្នាំ (ITF Asia 14&Under Development Championships 2026-Regional Qualifying Event South, Southeast, & East Asia) ដែលនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីលានវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

កញ្ញា សោម ចិន្តា អ្នកសម្របសម្រួលរៀបចំព្រឹត្តិការណ៍ខាងលើ បានគូសបញ្ជាក់ក្រោយបញ្ចប់កិច្ចប្រជុំមុនការប្រកួត ដែលមានការចូលរួមពីក្រុមការងារសហព័ន្ធកីឡាវាយកូនបាល់អន្ដរជាតិនាល្ងាចថ្ងៃចន្ទថា ការប្រកួតជម្រុះប្រចាំតំបន់អាស៊ីខាងត្បូង, អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើតនេះ មានអត្តពលិកវ័យក្មេង ១២ប្រទេសចូលរួម គឺមានបង់ក្លាដែស ប៊ូតាន់ ប្រ៊ុយណេ ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី ប៉ាគីស្ថាន ហ្វីលីពីន សិង្ហបុរី ទីម័រខាងកើត វៀតណាម និងកម្ពុជា ដែលជាម្ចាស់ផ្ទះ។

ក្នុងចំណោមបណ្ដាប្រទេសចូលរួម ក្នុងមួយប្រទេសមានកីឡាករ-កីឡាការិនី ៤រូប ហើយអត្តពលិកវ័យក្មេងរបស់ម្ចាស់ផ្ទះកម្ពុជា គឺមានកីឡាករកូនកាត់ខ្មែរ-រុស្ស៊ី មីហេអ៊ីឆេវ អាឡិចសេនឌឺ, កីឡាករ មាន សុផានិត, កីឡាការិនី ម៉ន មករា និងកីឡាការិនី ស៊្រុន ជំនិតអេសធើ ដែលត្រូវធ្វើការប្រកួតលើ ៤វិញ្ញាសា ក្នុងចំណោមវិញ្ញាសាសរុបចំនួន៥ រួមមានវិញ្ញាសាឯកត្តជនក្មេងប្រុស-ក្មេងស្រី និងវាយគូក្មេងប្រុស-ក្មេងស្រីក្រោមអាយុ ១៤ឆ្នាំ។ រីឯវិញ្ញាសាចម្រុះជាក្រុម ពុំមានក្រុមកម្ពុជាចូលរួមនោះទេ។

អ្នកសម្របសម្រួលដដែលបន្ដថា ការប្រកួតនេះនឹងបែងចែកជា ២សប្ដាហ៍ ដោយសប្ដាហ៍ទី១ ចាប់ផ្ដើមប្រកួតពីថ្ងៃទី០៣-៧ ខែកុម្ភៈ និងសប្ដាហ៍ទី២ ប្រកួតពីថ្ងៃទី០៩-១៣ ខែកុម្ភៈ ក្រោមរូបមន្ដប្រកួតសន្សំពិន្ទុ ដើម្បីស្វែងរកក្រុមជយលាភីដែលមានពិន្ទុខ្ពស់ជាងគេ ២ក្រុម ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ជើងឯកកូនបាល់អភិវឌ្ឍន៍ទ្វីបអាស៊ី នាឆ្នាំ២០២៧។

ទន្ទឹមជាមួយការទទួលសិទ្ធិធ្វើម្ចាស់ផ្ទះវគ្គជម្រុះអន្ដរជាតិប្រចាំតំបន់នេះ ពិតជាបានផ្ដល់ឱកាសយ៉ាងសំខាន់សម្រាប់កីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែង និងដកស្រង់បទពិសោធន៍បច្ចេកទេសថ្មីៗបន្ថែមជាមួយកីឡាករ-កីឡាការិនីអន្តរជាតិមកពី ១១ប្រទេសផ្សេងទៀត។ នេះបើតាមការលើកឡើងរបស់លោក ឃ្លាំង ពន្លក គ្រូបង្វឹកក្រុមកីឡាវាយកូនបាល់ថ្នាលកម្ពុជា។

លោកថា «សម្រាប់ខ្ញុំ ចំពោះលទ្ធផលរបស់អត្តពលិកម្ចាស់ផ្ទះកម្ពុជាមិនទាន់អាចនិយាយមុនបានទេ ប៉ុន្តែខ្ញុំអាចសន្និដ្ឋានបានថា ពួកគាត់នឹងកាន់តែក្លាហានក្នុងការប្រកួតប្រជែង ហើយអាចនិយាយបានថា គុណភាពបច្ចេកទេសរបស់កីឡាករ-កីឡាការិនីវាយកូនបាល់នៃបណ្តាប្រទេសទាំងនោះ ប្រហាក់ប្រហែលគ្នានឹងអត្តពលិកកម្ពុជាដែរ ខណៈក្តីរំពឹង គឺកម្ពុជាយើង នឹងអាចមានក្តីសង្ឃឹមច្រើន ក្នុងការឈានទៅកៀកនឹងវគ្គផ្តាច់ព្រ័ត្រ»៕