Premier League មានការទិញកីឡាករតែ ៧នាក់ប៉ុណ្ណោះ នៅថ្ងៃបិទទីផ្សារ ប្រចាំរដូវរងានេះ

03-02-2026 11:20

(បរទេស)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League មានការទិញ-ដូរកីឡាករត្រឹមតែ ៧នាក់ប៉ុណ្ណោះ នៅថ្ងៃបិទបញ្ចប់ទីផ្សារដោះដូរកីឡាករប្រចាំរដូវរងា ឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

លីគដ៏មានប្រជាប្រិយភាពមួយនេះ ហាក់មានភាពស្ងាត់ជ្រងំ ក្នុងទីផ្សារដោះដូរប្រចាំខែមករាដើមឆ្នាំនេះ នៅមុនពេលឈានដល់ថ្ងៃបិទទាំងស្រុងវិញកាលពីរាត្រីថ្ងៃចន្ទ ទី០២ ខែមករា គ្រាដែលក្លឹបឥន្រ្ទី Crystal Palace បានប្រកាសពីការទិញខ្សែប្រយុទ្ធ Jorgen Strand Larsen ពីក្លឹប Wolves ក្នុងតម្លៃ ៤៨លានផោនថ្លៃជាងគេ។

ការទិញដូរកីឡាករនៅពាក់កណ្តាលរដូវកាលក្នុងលីគអង់គ្លេស នាអំឡុងរដូវរងានេះដែរ គឺមានការចំណាយសរុបត្រឹមតែ ៣៩០លានដុល្លារប៉ុណ្ណោះ និងមានតែក្លឹបធំ២ ក្នុងចំណោម ៦ក្លឹបបានចំណាយលុយទិញកីឡាករថ្មីចូលរួមមាន Manchester City អស់ ៨៤លានផោន និង Tottenham Hotspur អស់ ៤៧.៨លានផោន។

ជាមួយគ្នានោះដែរ Liverpool ដែលព្រមព្រៀងលើតម្លៃផ្ទេរ ៦០លានផោន ចំពោះខ្សែការពារកណ្តាល Jeremy Jacquet ពីក្លឹបបារាំង Rennes មិនត្រូវបានរាប់បញ្ចូលឡើយ ត្រូវរង់ចាំដល់រដូវកាលក្តៅនាពាក់កណ្តាលឆ្នាំ២០២៦ គ្រាដែល Arsenal, Chelsea និង Manchester United ពុំមានទិញកីឡាករឡើយ៕