iPhone អេក្រង់បត់ អាចនឹងបំពាក់ថាមពលថ្មធំជាងគេបំផុត និងត្រៀមបង្ហាញខ្លួននៅចុងឆ្នាំនេះ

03-02-2026 13:13

(បរទេស)៖ យោងតាមរបាយការណ៍ចុងក្រោយពីប្រភពព័ត៌មានបច្ចេកវិទ្យាល្បីៗដូចជា 9to5Mac, CNET, និង MacRumors ចេញផ្សាយនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានបង្ហាញឱ្យឃើញនូវព័ត៌មានលម្អិតសំខាន់ៗជាច្រើនអំពីទូរស័ព្ទបត់ដំបូងបង្អស់របស់ក្រុមហ៊ុន Apple ដែលត្រូវបានគេរំពឹងថានឹងដាក់ឈ្មោះថា iPhone Fold។

iPhone Fold ជំនាន់ដំបូងត្រូវបានគេរាយការណ៍ថា មានរូបរាងបត់ដូចជាសៀវភៅ (Book-style) ដែលស្រដៀងនឹងត្រកូល iPad Mini ដោយ Apple បានប្រើប្រាស់បច្ចេកវិទ្យាត្រចៀកបត់ជំនាន់ថ្មីដែលធ្វើឱ្យ «ស្នាមបត់» ស្ទើរតែមើលមិនឃើញ និងមិនមានឆ្នូតកាមេរ៉ានៅលើអេក្រង់ខាងក្នុងឡើយ។ ក្នុងនោះ Apple អាចនឹងដកចេញនូវគ្រាប់ចុចរុញឡើងចុះ ហើយជំនួសមកវិញនូវផ្ទៃប៉ះបែប Solid-state ដែលមានបច្ចេកវិទ្យា Taptic Engine ផ្តល់នូវអារម្មណ៍ដូចចុចប៊ូតុងពិតៗ ដើម្បីពង្រឹងភាពធន់ និងសមត្ថភាពការពារទឹក។

យោងតាមសារព័ត៌មាន CNET ទូរស័ព្ទបត់នេះអាចនឹងបំពាក់នូវ ថាមពលថ្មធំជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រ iPhone ដោយសារតែរចនាសម្ព័ន្ធតួខ្លួនធំជាងមុន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចប្រើអេក្រង់ទំហំធំបានពេញមួយថ្ងៃដោយមិនបារម្ភរឿងអស់ថ្ម។

មិនត្រឹមតែត្រៀមចេញស៊េរីបត់បែបសៀវភៅនោះទេ បើតាមការចុះផ្សាយរបស់ Engadget ក្រុមហ៊ុន Apple ក៏កំពុងសិក្សាទៅលើម៉ូដែលទី២ ដែលមានរចនាបថបែបផ្សេងមួយទៀត ស្រដៀងនឹងស៊េរី Flip របស់គូប្រជែងផងដែរ។ នេះបង្ហាញថា Apple ចង់វាយលុកទីផ្សារទូរស័ព្ទបត់គ្រប់លំដាប់ថ្នាក់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។

តើ iPhone Fold នឹងដាក់លក់នៅពេលណា? តាមការព្យាករណ៍ Apple អាចនឹងប្រកាសចេញជាផ្លូវការនៅត្រីមាសទី៣ ឬទី៤ នៃឆ្នាំ២០២៦ ខាងមុខនេះ។

តើវាអាចប្រើជាមួយ Apple Pencil បានដែរឬទេ? មានព័ត៌មានចចាមអារ៉ាមថា Apple កំពុងអភិវឌ្ឍអេក្រង់បត់ដែលរឹងមាំ ដើម្បីអាចឱ្យអ្នកប្រើប្រាស់ប្រើជាមួយ Apple Pencil ជំនាន់ថ្មីបាន៕