ប្រធាន FIFA ចេញមុខសុំទោស ចំពោះការចំអកដល់ក្រុមអ្នកគាំទ្រអង់គ្លេសនៅ World Cup
03-02-2026 13:24
(បរទេស)៖ លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានចេញមកសុំទោសជាសាធារណៈ ចំពោះការចំអកដល់ក្រុមអ្នកគាំទ្រអង់គ្លេស តាមរយៈពាក្យសំដីថា «ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត World Cup ដែលក្រុមអ្នកគាំទ្រមកពីអង់គ្លេស មិនត្រូវបានឃាត់ខ្លួន»។
ពីគេហទំព័រ sky news បានចេញផ្សាយថា ការចេញមុខសុំទោសពីសំណាក់ប្រមុខ FIFA រូបនេះ បន្ទាប់ពីមានប្រតិកម្មពីសំណាក់សម្ព័ន្ធអ្នកគាំទ្របាល់ទាត់ ចំពោះការបន្ទាបបន្ថោកដល់អ្នកគាំទ្រអង់គ្លេស។
ថ្លែងក្នុងកិច្ចសម្ភាសន៍ដាច់ដោយឡែក លោក Infantino បា្រប់ថា «ការនិយាយនោះ គឺចង់សំដៅទៅដល់ចំណុចគួរកត់សម្គាល់កាល World Cup 2022 នៅកាតា ដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងសន្តិភាពពេញលេញ»។
ទន្ទឺមគ្នានោះ លោកក៏បានធ្វើការសុំអភ័យទោស ចំពោះអ្នកគាំទ្រអង់គ្លេស ស្កុតឡេន វ៉េល និងអៀរឡង់ខាងជើងផងដែរ ដោយការនិយាយលេងសើចដល់ពួកគេកន្លងមក ពុំមែនជាចេតនារបស់លោកឡើយ។
លោក Infantino ដែលបានចូលដឹកនាំ FIFA តាំងពីឆ្នាំ២០១៦ ក៏បានគូសបញ្ជាក់ថា «ខ្ញុំក៏ជាអ្នកគាំទ្រក្រុមអង់គ្លេសផ្កាប់មុខម្នាក់ដែរ ហើយខ្ញុំក៏មិនមានន័យថា អ្នកគាំទ្រអង់គ្លេសទៅដល់ទីណា បង្កបញ្ហាដល់ទីនោះទេ ព្រោះការប្រកួតបាល់ទាត់ ត្រូវការអ្នកគាំទ្រ»៕



