SpaceX ទិញក្រុមហ៊ុន xAI ក្នុងកិច្ចព្រមព្រៀងដ៏ធំបំផុត ខណៈ Elon Musk ភ្ជាប់បច្ចេកវិទ្យា AI លើលំហរអវកាស
03-02-2026 14:07
(បរទេស)៖ ក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋី Elon Musk បានទិញយកក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI ក្នុងកិច្ចព្រមព្រៀងដែលត្រូវបានរាយការណ៍ថាមានទំហំធំបំផុតមួយក្នុងប្រវត្តិសាស្ត្រអាជីវកម្ម។ ការទិញនេះ ត្រូវបានគេមើលឃើញថា ដើម្បីបង្កើតការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាអវកាស និង បញ្ញាសិប្បនិម្មិត (AI) នៅក្រោមអាណាចក្រអាជីវកម្មរបស់ Elon Musk។
ងាកមកតម្លៃក្រុមហ៊ុន បន្ទាប់ការរួមបញ្ចូល បានធ្វើឲ្យតម្លៃរួមរបស់អង្គភាពថ្មីស្ថិតនៅប្រហែល ១.២៥ទ្រីលានដុល្លារ ដែលអាចក្លាយជាកិច្ចព្រមព្រៀង M&A ធំបំផុតមួយមិនធ្លាប់មាន។ xAI កន្លងទៅត្រូវបានគេវាយតម្លៃថាមានតម្លៃប្រហែល ២៥០ពាន់លានដុល្លារ ខណៈ SpaceX មានតម្លៃជិត ១ទ្រីលានដុល្លារ ក្នុងទីផ្សារឯកជន។ ការច្របាច់បញ្ចូលគ្នានេះ Elon Musk មានចក្ខុវិស័យភ្ជាប់ AI ជាមួយហេដ្ឋារចនាសម្ព័ន្ធអវកាស ដោយគ្រោងប្រើថាមពលព្រះអាទិត្យពីអវកាស និងប្រព័ន្ធផ្កាយរណប ដើម្បីគាំទ្រការគណនាធំៗរបស់ AI ដែលត្រូវការថាមពល និងប្រព័ន្ធត្រជាក់ខ្ពស់។ វាជាវិធីដោះស្រាយកម្រិតដែលបានកំណត់នៃមជ្ឈមណ្ឌលទិន្នន័យលើផែនដី។
ក្រោមរចនាសម្ព័ន្ធថ្មី គឺ SpaceX ផ្ដល់រ៉ុក្កែត Starship និងបណ្ដាញផ្កាយរណប Starlink ខណៈ xAI ផ្ដល់ ម៉ូដែល AI និង chatbot «Grok»។ ការរួមគ្នានេះ គឺបង្កើតប្រព័ន្ធបច្ចេកវិទ្យាដែលភ្ជាប់ពីអវកាស ទៅសេវាកម្ម AI និងទំនាក់ទំនងលើផែនដី។ SpaceX ក៏ត្រូវបានរាយការណ៍ថាកំពុងរៀបចំ IPO ធំមួយនៅពេលខាងមុខ ដែលអាចធ្វើឲ្យតម្លៃក្រុមហ៊ុនបន្ទាប់ពីរួមបញ្ចូលកើនលើស ១.៥ ទ្រីលានដុល្លារ។
អ្នកវិភាគឃើញថា ជំហាននេះអាចធ្វើឲ្យ SpaceX ក្លាយជាក្រុមហ៊ុនធំបំផុតមួយក្នុងវិស័យ AI និង Cloud ប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗដូចជា Google, Meta និង OpenAI ហើយក៏អាចទាក់ទាញការត្រួតពិនិត្យពីភាគីរដ្ឋាភិបាល ដោយសារ SpaceX មានកិច្ចសន្យាអវកាស និងការពារជាតិជាច្រើន៕









