គុនខ្មែរ ពង្រីកការប្រកួតកម្រិតថ្នាលកាន់តែច្រើន ក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ

03-02-2026 14:15

(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានពង្រីកការប្រកួតកម្រិតថ្នាលកាន់តែច្រើន នៅក្នុងការប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលចាប់ផ្ដើមការប្រកួតពីថ្ងៃទី០២-០៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសួនច្បារក្រុងតាមខ្មៅ ខេត្តកណ្ដាល។ ពិធីបើកការប្រកួតប្រចាំឆ្នាំនេះ ធ្វើឡើងក្រោមវត្តមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ថ្លែងក្នុងពិធីបើកការប្រកួតកាលពីថ្ងៃចន្ទកន្លងទៅ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឲ្យដឹងថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីចូលរួមសរុប ២១៩នាក់ មកពី ១៨សមាគម/ក្លិប ដែលមានការកើនឡើង ទាំងសមាគម/ក្លិប និងកីឡាករ-កីឡាការិនី បើធៀបកាលពីឆ្នាំមុន។ រីឯវិញ្ញាសាប្រកួត ត្រូវបានផ្ដោតពិសេស សម្រាប់ថ្នាលយុវជន ចាប់ពីកម្រិតអាយុ ១២ឆ្នាំឡើងទៅទាំងកីឡាករ និងកីឡាការិនី។

លោកថា គោលបំណងសំខាន់នៃការពង្រីកវិញ្ញាសាថ្នាលកាន់តែច្រើន ក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិនេះ គឺដើម្បីជំរុញការអភិវឌ្ឍ ក៏ដូចជាពង្រឹងនូវគុណភាពធនធានបន្តវេន សម្រាប់ត្រៀមចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិនានាទៅថ្ងៃអនាគតទាំងក្នុង និងក្រៅប្រទេស ឆ្លើយតបនឹងភាពរីកចម្រើននៃវិស័យកីឡាប្រដាល់គុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិ ហើយក៏ជាការត្រៀមលក្ខណៈឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០៣១ ផងដែរ។

ឆ្លៀតឱកាសនោះក្នុងនាមសហព័ន្ធ លោកក៏បានថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភាព និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ធ្វើឲ្យវិស័យកីឡាកម្ពុជាមានការអភិវឌ្ឍឥតឈប់ឈរ ពិសេសវិស័យកីឡាប្រដាល់គុនខ្មែរ ដែលកំពុងមានការរីកចម្រើនទាំងក្នុង និងក្រៅប្រទេស។

គួរដឹងថា ការប្រកួតគុនខ្មែរជើងឯកថ្នាក់ជាតិឆ្នាំនេះ មាន ១៧ប្រភេទអាយុ ក្នុងនោះវិញ្ញាសាសម្រាប់ថ្នាលយុវជនចន្លោះអាយុ ១២ឆ្នាំ ដល់ក្រោមអាយុ ១៦ឆ្នាំ មាន ៥ ប្រភេទម្ងន់, យុវជនអាយុ ១៦ឆ្នាំ ដល់ក្រោមអាយុ ១៨ឆ្នាំ មាន ៤ ប្រភេទទម្ងន់, យុវនារីអាយុ ១២ឆ្នាំ ដល់ក្រោមអាយុ ១៦ឆ្នាំ មាន ៤ប្រភេទម្ងន់ និងយុវនារីអាយុ ១៦ឆ្នាំ ដល់ក្រោមអាយុ ១៨ឆ្នាំ មាន ៤ប្រភេទម្ងន់៕