SoftBank និង Intel ចាប់ដៃគ្នាបង្កើត Memory ជំនាន់ថ្មី ស៊ីភ្លើងតិចតែល្បឿនលឿនខ្លាំង ដើម្បីឆ្លើយតបនឹងតម្រូវការ AI
03-02-2026 16:01
(បរទេស)៖ ក្រុមហ៊ុន Saimemory (បុត្រសម្ព័ន្ធរបស់ SoftBank) បានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតបន្ទះឈីប Intel ដើម្បីបង្កើតបច្ចេកវិទ្យាអង្គចងចាំ (Memory) ជំនាន់ក្រោយហៅថា «ZAM»។ គម្រោងនេះកើតឡើងចំពេលដែលពិភពលោកកំពុងប្រឈមនឹងការខ្វះខាតគ្រឿងបន្លាស់ និងបញ្ហាស៊ីថាមពលអគ្គិសនីខ្លាំងដោយសារការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ជុំវិញកិច្ចសហការនេះ លោកបណ្ឌិត Joshua Fryman មន្ត្រីជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យារបស់ Intel បានគូសបញ្ជាក់ថា៖ «ប្រព័ន្ធអង្គចងចាំស្តង់ដារដែលយើងប្រើរាល់ថ្ងៃ មិនអាចឆ្លើយតបនឹងតម្រូវការរបស់ AI បានទៀតទេ»។ ហេតុនេះហើយ ទើប Intel បង្កើតប្រព័ន្ធថ្មីដែលមិនត្រឹមតែជួយឱ្យការងារលឿនជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការចំណាយ និងការប្រើប្រាស់ថាមពលបានយ៉ាងច្រើនទៀតផង។
តាមការរំពឹងទុក ផលិតផលគំរូដំបូងនៃបច្ចេកវិទ្យា ZAM នេះនឹងលេចរូបរាងនៅដើមឆ្នាំ ២០២៨ ហើយនឹងត្រូវដាក់លក់លើទីផ្សារជាផ្លូវការនៅឆ្នាំ ២០២៩។ ក្រៅពីក្រុមហ៊ុនយក្សទាំងពីរ ក៏មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនជប៉ុន Fujitsu ក៏បានចូលរួមក្នុងគម្រោងដ៏ធំមួយនេះដែរ ដើម្បីពង្រឹងឥទ្ធិពលបច្ចេកវិទ្យានៅលើឆាកអន្តរជាតិ។
គួរជម្រាបថា ដំណឹងនៃការចាប់ដៃគ្នានេះ បានធ្វើឱ្យអ្នកវិនិយោគមានភាពជឿជាក់យ៉ាងខ្លាំង ដែលរុញច្រានឱ្យតម្លៃភាគហ៊ុនរបស់ SoftBank ហក់ឡើង ៣,១៣% ខណៈភាគហ៊ុនរបស់ Intel បានកើនឡើងរហូតដល់ ៥% ភ្លាមៗក្រោយការប្រកាស។ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានគេមើលឃើញថាជារបត់ថ្មីសម្រាប់អនាគតនៃកុំព្យូទ័រ និងប្រព័ន្ធ AI ជុំវិញពិភពលោក៕












