ព្រះខ័នរាជ ចេញទៅជួប Lion City ខណៈត្រូវការឈ្នះដាច់ខាត ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងកៅអីវគ្គ ១/២ ជើងឯកក្លិបអាស៊ាន

03-02-2026 20:35

(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង បានធ្វើដំណើរទៅប្រទេសសិង្ហបុរីហើយ នៅរសៀលថ្ងៃអង្គារនេះ ដើម្បីជួបតតាំងជាមួយក្រុមម្ចាស់ផ្ទះ Lion City Sailors នាថ្ងៃទី៥ ខែកុម្ភៈខាងមុខ ក្នុងពានរង្វាន់ជើងឯកក្លិបអាស៊ាន ASEN Club Championship Shopee Cup 2025/26 ពូលB។

នេះគឺជាបេសកកម្មមួយដ៏សំខាន់របស់ក្រុមជើងឯកលីគកំពូលកម្ពុជា ដែលត្រូវការជ័យជម្នះដាច់ខាត ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២) នៃព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់ខាងលើ ជាមួយក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី បន្ទាប់ពីក្រុម Nam Dinh របស់វៀតណាម បានកក់កៅអីវគ្គ ៤ក្រុមចុងក្រោយមុនគេ ក្រោយឈ្នះ ៤ប្រកួតជាប់គ្នា រកបាន ១២ពិន្ទុ។

បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងមាន ៤ពិន្ទុ ឈរលេខ៣ តែសល់ ២ប្រកួតក្នុងដៃ តាមពីក្រោយ Johor Darul Ta’zim មាន ១០ពិន្ទុ ឈរលេខ២ តែសល់ ១ប្រកួតក្នុងដៃ។ រីឯក្រុម Lion City Sailors បានអស់ឱកាស ក្រោយរកបាន ៤ពិន្ទុ តែសល់ត្រឹម ១ប្រកួត ជាមួយក្រុម Bakok United សល់ ២ប្រកួត រកបាន ១ពិន្ទុ និងក្រុម Shan United សល់ ១ប្រកួតឈរបាតតារាង គ្មានពិន្ទុរាប់ឡើយ។

សម្រាប់ការប្រកួតថ្ងៃទី៥ ខែកុម្ភៈខាងមុខ ក្រៅពីព្រះខ័នរាជស្វាយរៀង ត្រូវជួប Lion City ក្រុមគូប្រជែង Johor Darul Ta’zim ក៏ត្រូវជួបក្រុមម្ចាស់ផ្ទះ Nam Dinh នៅថ្ងៃជាមួយគ្នាដែរ។ នេះគឺជាជំនួបដ៏ទាក់ទាញ ដ្បិតក្រុមរបស់កម្ពុជា ក្រៅពីត្រូវការឈ្នះ ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងកៅអីវគ្គបន្ដ ក៏ត្រូវចាំអ៊ុតលទ្ធផលជំនួបរវាងក្រុមខ្លាំងវៀតណាម និងថៃនេះដែរ ព្រោះបើក្រុមទាំងពីរស្មើគ្នា នោះឱកាសរបស់ព្រះខ័នរាជស្វាយរៀង នឹងត្រូវបាត់បង់ តែបើក្រុមម៉ាឡេស៊ីចាញ់វិញ ព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះទាំង ២ប្រកួតចុងក្រោយ ជាមួយគ្រាប់បាល់ដ៏ច្រើន ដើម្បីឡើងវគ្គបន្ដ។

គួរដឹងថា ក្រោយជួប Lion City របស់សិង្ហបុរី ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវរង់ចាំការប្រកួតជាមួយក្រុម Bakok United របស់ថៃ ដែលត្រូវបានពន្យាពេលប្រកួត កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ រហូតមកទល់ពេលនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ នៅមិនទាន់កំណត់កាលបរិច្ចេទថ្មី ក៏ដូចជាទីតាងប្រកួត រវាងក្រុមទាំងពីរឡើយ ក្រោយក្រុមរបស់ថៃ មិនព្រមមកប្រកួតនៅទឹកដីកម្ពុជា កាលពីចុងខែមករាកន្លងទៅ៕