Barcelona ឆ្លងចូលវគ្គ ៤ក្រុមពាន Copa del Rey នៅពេលទម្លាក់ក្រុមមកពីលីគទី២ Albacete ២-១

04-02-2026 09:59

(បរទេស)៖ ម្ចាស់ការពារតំណែងជើងឯក FC Barcelona បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey 2025-26 មុនគេជាបន្តទៀត ក្រោយទម្លាក់គូប្រជែង Albacete មកពីក្របខណ្ឌទី២ ដោយលទ្ធផល ២-១ កាលពីរាត្រីថ្ងៃអង្គារ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ខ្សែប្រយុទ្ធ Lamine Yamal និងខ្សែការពារ Ronald Araujo បញ្ចប់ទីបានម្នាក់ ១គ្រាប់នៅនាទី៣៩ និង ៥៦ មុនពេល Javi Moreno ធ្វើបានតែ ១គ្រាប់ប៉ុណ្ណោះសម្រាប់ក្រុមម្ចាស់ផ្ទះ Albacete ដែលបានទម្លាក់ក្រុមរងជើងឯក Real Madrid ត្រឹមវគ្គ ១៦ក្រុមមកនោះ។

នេះក៏ជាគ្រាប់ដំបូងផងដែររបស់ Yamal ក្នុងកម្មវិធី Copa del Rey រដូវកាលនេះ ពីជំនួបទល់នឹង Albacete លើកដំបូងផងដែរ គិតចាប់តាំងពីឆ្នាំ២០០៥ ជាមួយនឹងការបង្កើតឱកាសតាំងពីនាទីទី៨ របស់កីឡាករអង់គ្លេស Marcus Rashford ក្រោយទទួលបាល់ពី Dani Olmo ប៉ុន្តែធ្វើពុំបានសម្រេច។

ទោះជាបែបនេះក្តី កូនក្រុមរបស់លោក Hansi Flick ដែលកំពុងកាន់កាប់តំណែងកំពូលតារាងលីគ La Liga បច្ចុប្បន្នផងនោះ បន្តដាក់សម្ពាធ និងរង់ចាំដល់ចុងម៉ោងនៃវគ្គទី១ ទើប Yamal រកបានគ្រាប់នាំមុខ ដើម្បីបើកផ្លូវ សម្រាប់ក្រុមអ្នកមានបុណ្យឆ្ពោះទៅការពារជើងឯកបន្តទៀត ដែលពួកគេបានយកឈ្នះ Real Madrid ៣-២ វគ្គផ្តាច់ព្រ័ត្រនារដូវកាលមុន៕