ក្រុមកីឡាហែលទឹកកម្ពុជា ១០រូប ចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិ នៅម៉ាឡេស៊ី

04-02-2026 10:12

(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាហែលទឹក នៅព្រឹកថ្ងៃពុធនេះ បានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបចំនួន ១០នាក់ រួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិ MILO/MAS Malaysia Invitational Age Group Swimming Championship លើកទី៦១ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។

យោងតាមការជូនដំណឹងរបស់សហព័ន្ធ បេសកកម្មអន្ដរជាតិខាងលើដឹកនាំដោយកញ្ញា ហែម ថុនវិទិនី ជាគ្រូបបង្វឹក និងលោក ចេង ពិរោទ ជាគ្រូជំនួយ ព្រមទាំងកីឡាករ-កីឡាការិនី ៨រូប គឺមានកីឡាករ វ៉ាន់អូស្តិន ពិទ័រសុខខា, ណាំ ឧត្តមរតនៈ, ឈិនលីម សិរីវឌ្ឍន៍, សូ វណ្ណចន្ទចេស្តា, សូ វណ្ណវីរៈទេព, កីឡាការិនី វ៉ាន់អូស្តិន អេឡិន កល្យាណណា, លី ពេជ្រសក្តិវត្តី និងកីឡាការិនី លី ពេជ្រសក្តិមុនិ។

នេះគឺជាព្រឹត្ដិការណ៍អន្ដរជាតិដ៏ធំមួយ ដែលសហព័ន្ធកីឡាហែលទឹកម៉ាឡេស៊ី តែងរៀបចំជារៀងរាល់ឆ្នាំ ដោយអញ្ជើញអត្តពលិកកម្រិតខ្ពស់មកពីបណ្ដាប្រទេសជាច្រើនចូលរួម ហើយក៏ជាឱកាសល្អមួយសម្រាប់អត្តពលិកកម្ពុជា ក្នុងការចូលរួមបង្ហាញសមត្ថភាព ក៏ដូចជាការប្រកួតប្រជែងជាមួយកីឡាករ-កីឡាការិនីកម្រិតខ្ពស់មកពីបណ្ដាប្រទេសនានាផងដែរ៕