ប្រមុខ FIFA ពិចារណាដកបម្រាមពីរុស្ស៊ីវិញ ស្របពេលអ៊ុយក្រែន ចាត់ទុកថា «គ្មានទំនួលខុសត្រូវ»

04-02-2026 10:47

(បរទេស)៖ កាលពីពេលថ្មីៗនេះ លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ FIFA ធ្លាប់បានបង្ហើបថា បានកំពុងស្វែងរកជម្រើស ដើម្បីដកបម្រាមពីរុស្ស៊ីវិញ ជាអ្វីដែលរដ្ឋមន្រ្តីកីឡានៃប្រទេសអ៊ុយក្រែន ដែលកំពុងញាំញីដោយសង្រ្គាមជិត ៤ឆ្នាំមកនេះចាត់ទុកថា «គ្មានទំនួសខុសត្រូវ»។

នៅចាំបានថា ក្រុមបាល់ទាត់ជម្រើសជាតិ និងក្លឹបទាំងអស់របស់រុស្ស៊ីត្រូវបានដកបញ្ឈរពីការប្រកួតអន្តរជាតិនានា ដោយសហព័ន្ធ FIFA និង UEFA កាលពីអំឡុងឆ្នាំ២០២២ មក បន្ទាប់ពីប្រទេសរុស្ស៊ីបានចូលឈ្លានពានប្រទេសអ៊ុយក្រែន។

ក៏ប៉ុន្តែស្ថិតនៅចំពោះមុខភ្នក់ភ្លើងសង្រ្គាមដែលបន្តអូសបន្លាយមកដល់បច្ចប្បន្ន និងមានរយៈពេលជិត ៤ឆ្នាំទៅហើយនោះ បែរជាលោក Infantino បាននិយាយថា «បម្រាមនេះ វាគ្មានផលចំណេញអ្វីសោះឡើយ និងបង្កើនការសម្អប់កាន់តែខ្លាំងឡើងទៅវិញទេ»

លោកបានបន្ថែមថា «ការដែលមានក្រុមបាល់ទាត់ផ្នែកបុរស-នារីមកពីរុស្ស៊ីចូលរួមការប្រកួតនានានៅអឺរ៉ុប គួរតែត្រូវបានលើកដម្កើង និងជួយជ្រោមជ្រែង»

ជាការឆ្លើយតប លោក Matvii Bidnyi រដ្ឋមន្រ្តីកីឡាអ៊ុយក្រែន បានសរសេរបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ពាក្យសំដីរបស់លោក Gianni Infantino គ្មានទំនួលខុសត្រូវទាល់តែសោះ និងនិយាយដូចកូនក្មេង។ ពួកគេគិតតែពីបាល់ទាត់ និងប្រយោជន៍ ទាំងដែលក្មេងៗកំពុងត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃ»

លោក Bidnyi ក៏បានធ្វើការរំលឹកទៅដល់ប្រធាន FIFA ផងដែរថា គិតចាប់តាំងពីរុស្ស៊ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែនពេញទំហឹងរួចមក អត្តពលិកអ៊ុយក្រែនមានទាំងគ្រូបង្វឹក និងកីឡាករបាល់ទាត់ជាង ១០០នាក់ ក្នុងចំណោម ៦៥០នាក់ ត្រូវបានកងទ័ពរុស្ស៊ីសម្លាប់៕