Arsenal ផ្តួល Chelsea ដោយលទ្ធផល ៤-២ ទាំង ២ជើង ដើម្បីឡើងចាំមុនវគ្គផ្តាច់ព្រ័ត្រ League Cup

04-02-2026 11:22

(បរទេស)៖ កាំភ្លើងធំ Arsenal បានឡើងទៅឈរចាំមុននៃវគ្គផ្តាច់ព្រ័ត្រ League Cup 2025-26 ក្រោយទម្លាក់គូប្រជែងធំ តោខៀវ Chelsea ដោយលទ្ធផល ៤-២ ទាំងពីរជើងតែម្តងពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករដែលបានប្តូរចូល Kai Havertz គឺជាអ្នករកបានគ្រាប់បាល់ជ័យជម្នះ ១-០ ក្នុងកីឡដ្ឋាន Emirates នាយប់មិញ ដើម្បីបន្ថែមលើជ័យជម្នះ ៣-២ កាលពីជើងទី១ នៅកីឡដ្ឋាន Stamford Bridge របស់ Chelsea ដែលជាគូប្រជែងក្នុងលីគអង់គ្លេស Premier League ដូចគ្នា។

ពួកគេបានកំពុងស្ថិតលើផ្លូវឆ្ពោះទៅឈ្នះពានធំជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០២០ ក្នុងការរង់ចាំរវាងក្រុមឈ្នះ Manchester City ដែលត្រូវលេងបញ្ចប់ជើងទី២ វគ្គ ៤ក្រុមរាត្រីនេះទល់នឹងម្ចាស់ការពារតំណែងជើងឯក សារិកាព្រៃ Newcastle United ក្នុងកីឡដ្ឋាន Etihad។

ក្រុមរបស់លោក Mikel Arteta ដែលបានឈ្នះពានធំចុងក្រោយ FA Cup តាមរយៈជ័យជម្នះលើ Chelsea ផងនោះ បានឆ្លងចូលផ្តាច់ព្រ័ត្រ League Cup ម្តងទៀតគិតចាប់ពីឆ្នាំ២០១៨ ទល់នឹង Man City ឬក៏ Newcastle ធ្វើឡើងនាខែក្រោយនេះនៅកីឡដ្ឋានជាតិអង់គ្លេស Wembley និងកំពុងស្ថិតលើផ្លូវប្រជែងជើងឯកពាន ២ផ្សេងទៀតរួមមាន Premier League និង UEFA Champions League ផងដែរ៕