ប្លែក! ជប៉ុន បើកបារសម្រាប់អ្នកចង់លាឈប់ពីការងារ ខណៈការផឹកស្រាឬភេសជ្ជៈ គឺឥតគិតថ្លៃ
04-02-2026 11:34
(បរទេស)៖ បារប្រភេទថ្មីមួយនៅក្នុងប្រទេសជប៉ុន កំពុងទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ព្រោះវាត្រូវបានគេបើកដំណើរការឡើង ដើម្បីឆ្លើយតបនឹងការប្រកួតប្រជែងវប្បធម៌ការងារដ៏តានតឹងក្នុងប្រទេសនេះ។
ខុសពីបារប្រពៃណី កន្លែងនេះត្រូវបានរចនាឡើងជាពិសេស សម្រាប់អ្នកដែលគិតអំពីការលាឈប់ពីការងារ។ ងាកមកការផឹកស្រាឬភេសជ្ជៈ គឺឥតគិតថ្លៃ ហើយការផ្តោតអារម្មណ៍ពិតប្រាកដមិនមែនជាគ្រឿងស្រវឹងទេ តែវាគឺជាការសន្ទនា។ អ្នកដែលឈានជើងចូលក្នុងបារប្រភេទនេះ ត្រូវបានលើកទឹកចិត្តឱ្យនិយាយពាក្យក្នុងចិត្តដោយបើកចំហ មិនថាអំពីការអស់កម្លាំង សម្ពាធនៅកន្លែងធ្វើការ និងការសង្ស័យលើអាជីពការងារនោះទេ។ សម្រាប់បុគ្គលិកដែលបម្រើការក្នុងបារប្រភេទនេះ ត្រូវបានបណ្តុះបណ្តាលឱ្យចេះស្តាប់ដោយមិនវិភាគវែងឆ្ងាយច្រើន មិនវាយតម្លៃ ហើយក៏មិនត្រូវព្យាយាមដោះស្រាយបញ្ហាជំនួសអ្នកនិយាយដែរ។
គំនិតនេះកើតមានឡើង ស្របពេលប្រទេសជប៉ុនកំពុងប្រឈមនឹងបញ្ហាម៉ោងធ្វើការយូរ រចនាសម្ព័ន្ធការងារតឹងរឹង និងបញ្ហាសុខភាពផ្លូវចិត្ត ដែលបណ្តាលមកពីសម្ពាធការងារ។ ការនិយាយច្បាស់ៗអំពីការចង់លាឈប់ ឬមិនពេញចិត្តនឹងការងារ ត្រូវបានចាត់ទុកថាជារឿងមិនសមរម្យក្នុងសង្គមជប៉ុននាពេលកន្លងទៅ ដូច្នេះគំនិតរបស់បារប្រភេទនេះ គឺប្លែកខុសពីគេតែម្តង។
ដោយមិនគិតថ្លៃ និងបង្កើតបរិយាកាសសុវត្ថិភាព មិនមានសម្ពាធ បារនេះចង់ធ្វើឲ្យការនិយាយដោយស្មោះត្រង់អំពីការងារ ក្លាយជារឿងធម្មតា។ វាជួយឲ្យមនុស្សគិតពិចារណាថា ពួកគេចង់បានអ្វីឲ្យពិតប្រាកដក្នុងអាជីពការងាររបស់ខ្លួន ទោះបីមានន័យថា ត្រូវចាប់ផ្តើមថ្មីក៏ដោយ៕











