Nvidia ជិតសម្រេចកិច្ចព្រមព្រៀងវិនិយោគ ២០ពាន់លានដុល្លារ ក្នុង OpenAI

04-02-2026 12:52

(បរទេស)៖ យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Nvidia កំពុងខិតជិតការសម្រេចកិច្ចព្រមព្រៀងវិនិយោគប្រហែល ២០ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុន OpenAI ។ កន្លងទៅ Reuters ក៏បានរាយការណ៍ថា OpenAI (ក្រុមហ៊ុនបង្កើត ChatGPT) កំពុងចង់ប្រមូលទុនរហូតដល់ ១០០ពាន់លានដុល្លារ ដែលអាចធ្វើឲ្យតម្លៃក្រុមហ៊ុនឡើងដល់ប្រហែល ៨៣០ពាន់លានដុល្លារ។

ដំណឹងនេះពិតជាមានសារសំខាន់ក្នុងវិស័យបច្ចេកវិទ្យា ព្រោះថាក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Amazon និងក្រុមហ៊ុនវិនិយោគិនធំៗ ដូចជា SoftBank កំពុងប្រកួតប្រជែងភ្ជាប់ទំនាក់ទំនងជាមួយ OpenAI ដោយពួកគេជឿថា ការសហការជិតស្និទ្ធជាមួយ OpenAI នឹងជួយឲ្យពួកគេមានអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែងផ្នែក AI នាពេលបច្ចុប្បន្ននិងអនាគត។ Bloomberg បានរាយការណ៍ថា ដំណើរការវិនិយោគរបស់ Nvidia ជិតរួចរាល់ហើយ ប៉ុន្តែមិនទាន់ផ្លូវការ ហើយលក្ខខណ្ឌអាចផ្លាស់ប្តូរបាន។ តែយ៉ាងណាទាំង Nvidia និង OpenAI មិនទាន់ឆ្លើយតបនឹងសំណើសុំមតិយោបល់ពី Reuters ទេ។

យ៉ាងណាមិញ កន្លងទៅធ្លាប់មានរឿងចម្រូងចម្រាសមួយចំនួន ពោលកាលពីខែកញ្ញា Nvidia ធ្លាប់និយាយថា នឹងវិនិយោគ ១០០ពាន់លានដុល្លារ និងផ្គត់ផ្គង់ឈីប data center ឲ្យ OpenAI ប៉ុន្តែសារព័ត៌មាន Wall Street Journal ថ្មីៗនេះនិយាយថា ផែនការនោះបានជាប់គាំង ព្រោះ Nvidia មានការសង្ស័យខ្លះៗ។ នាយកប្រតិបត្តិ Nvidia លោក Jensen Huang បានបដិសេធនូវអ្វីដែលគេនិយាយថា លោកមិនពេញចិត្ត OpenAI ហើយនិយាយថា Nvidia មានផែនការវិនិយោគធំមួយទៅ OpenAI ដែលអាចជាការវិនិយោគធំបំផុតរបស់ក្រុមហ៊ុនផងដែរ។ លោកក៏ប្រាប់ CNBC ថា Nvidia អាចវិនិយោគក្នុងវគ្គប្រមូលទុនបន្ទាប់របស់ OpenAI និងពេល OpenAI ចូលផ្សារហ៊ុន (IPO) នៅអនាគតផងដែរ៕