Pinterest ផ្ទុះរឿងក្ដៅក្នុងក្រុមហ៊ុន! CEO បញ្ឈប់វិស្វករដែលលួចបង្កើតប្រព័ន្ធតាមដានការបញ្ឈប់បុគ្គលិក

04-02-2026 15:51

(បរទេស)៖ ក្រុមហ៊ុន Pinterest កំពុងជួបភាពរកាំរកូសផ្ទៃក្នុងយ៉ាងខ្លាំង បន្ទាប់ពីលោក Bill Ready ដែលជានាយកប្រតិបត្តិ (CEO) បានសម្រេចចិត្តបញ្ឈប់ក្រុមវិស្វករដែលបានលួចបង្កើតឧបករណ៍សូហ្វវែរសម្រាប់តាមដានទិន្នន័យអ្នកដែលត្រូវបញ្ឈប់ពីការងារ។ លោក Ready បានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំបុគ្គលិកថា ទោះបីជាក្រុមហ៊ុនបើកចំហរឱ្យមានការជជែកដេញដោល ប៉ុន្តែលោកមិនអត់ឱនឱ្យទង្វើដែលបង្កការរាំងស្ទះដល់ដំណើរការក្រុមហ៊ុនឡើយ ដោយលោកបានលើកឡើងថា៖ «វាមានខ្សែបន្ទាត់ច្បាស់លាស់មួយរវាងការជជែកដេញដោលក្នុងន័យស្ថាបនា និងអាកប្បកិរិយាដែលបង្កការរាំងស្ទះ (Obstructionist»។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ដើមចមនៃបញ្ហានេះបានកើតឡើងបន្ទាប់ពី Pinterest ប្រកាសផែនការកាត់បន្ថយបុគ្គលិកជិត ១៥% ដើម្បីបង្វែរថវិកាទៅវិនិយោគលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) វិញ។ ដោយសារក្រុមហ៊ុនមិនព្រមបញ្ចេញឈ្មោះអ្នកដែលត្រូវដេញចេញ ព្រោះបារម្ភពីឯកជនភាព វិស្វករមួយចំនួនបានសរសេរកូដចូលទៅលួចទិន្នន័យសម្ងាត់ដើម្បីចងក្រងបញ្ជីឈ្មោះមិត្តរួមការងារដែលគ្រោងបញ្ឈប់។ អ្នកនាំពាក្យក្រុមហ៊ុនបានបញ្ជាក់ថា ទង្វើនេះគឺជាការរំលោភគោលការណ៍ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់ឯកជនភាពរបស់បុគ្គលិកដទៃទៀត។

នៅក្នុងកិច្ចប្រជុំទូទាំងក្រុមហ៊ុនដ៏តានតឹងមួយ លោក Bill Ready ក៏បានផ្ញើសារព្រមានទៅកាន់បុគ្គលិកដែលមិនពេញចិត្តនឹងការសម្រេចចិត្តរបស់ក្រុមហ៊ុនឱ្យពិចារណាចាកចេញ ដោយលោកពន្យល់ថា Pinterest កំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់ដែលត្រូវប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Meta និង Google។ លោកបានមានប្រសាសន៍ថា៖ «យើងមិនអាចអត់ឱនឱ្យគ្នាទៅវិញទៅមកនូវការបង្កការរាំងស្ទះនោះទេ... ផ្លូវតែមួយគត់ដែលយើងអាចជោគជ័យបាន គឺលុះត្រាតើយើងធ្វើការជាមួយគ្នា ក្នុងន័យស្ថាបនា ដោយមានភាពច្បាស់លាស់ និងការផ្ដោតអារម្មណ៍»

គួរជម្រាបថា បច្ចុប្បន្ន Pinterest កំពុងប្រឈមមុខនឹងបញ្ហានៅជុំវិញខ្លួន ទាំងការធ្លាក់ចុះនៃតម្លៃភាគហ៊ុនដល់ទៅ ២០% ក្នុងឆ្នាំនេះ និងការថយចុះនៃប្រាក់ចំណូលផ្សាយពាណិជ្ជកម្មដោយសារផលប៉ះពាល់ពីគោលនយោបាយពន្ធគយរបស់ប្រធានាធិបតី Donald Trump។ ការកាត់បន្ថយបុគ្គលិករបស់ Pinterest មិនមែនជារឿងដាច់ដោយឡែកនោះទេ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតដូចជា Amazon និង Meta ក៏កំពុងសម្រុកបញ្ឈប់បុគ្គលិកក្នុងទ្រង់ទ្រាយធំដូចគ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងត្រៀមខ្លួនសម្រាប់សមរភូមិ AI នាពេលអនាគត៕