យល់ដឹងកីឡា៖ តិចអត់ដឹងថា បាល់ទាត់សម័យទំនើបនេះ មានកាតក្រហម លឿង និងផ្កាឈូក?
05-02-2026 08:11
(បរទេស)៖ ឆ្លងតាមការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ បាល់ទាត់នាសម័យទំនើបនេះ បានបង្កើតកាតផ្កាឈូកមួយទៀត បន្ថែមលើកាតក្រហម និងកាតលឿង។ នេះបើយោងតាមការចុះផ្សាយគេហទំព័រកីឡា BBC។
តើការពិន័យកាតផ្កាឈូក (pink card), កាតក្រហម (red card) និងកាតលឿង (yellow card) មានអត្ថន័យយ៉ាងដូចម្តេច?
១៖ កាតផ្កាឈូក
អាជ្ញាកណ្តាល ចាប់ផ្តើមប្រើប្រាស់កាតផ្កាឈូក ក្នុងកម្មវិធី Copa America ចាប់តាំងពីរដូវក្តៅឆ្នាំ២០២៤ ក៏ព្រោះតែព្រឹត្តិការណ៍នេះ ពេញនិយមខ្លាំងនៅតំបន់អាមេរិកឡាទីនមួយនេះ។
កាតផ្កាឈូក គឺត្រូវបានប្រើដោយអាជ្ញាកណ្តាល ដើម្បីបង្ហាញថា កីឡាករត្រូវការប្តូរចេញពីទីលានបណ្តោះអាសន្ន នៅពេលពួកគេបានរងរបួសក្បាល (head injury)។
កាតផ្កាឈូក ទើបតែបានប្រើដំបូងគេនៅតំបន់អាមេរិកឡាទីន (CONMEBOL) តែប៉ុណ្ណោះ ខណៈតំបន់ផ្សេងទៀត នៅពុំទាន់ប្រើប្រាស់នៅឡើយទេ។
២៖ កាតលឿង
កាតលឿង គឺដើម្បីដាក់ពិន័យកីឡាករណាម្នាក់ដែលប្រព្រឹត្តកំហុសស្រាល ហើយប្រសិនបើបង្កកំហុសធ្ងន់ធ្ងរវិញនោះ គឺអាជ្ញាកណ្តាលអាចផ្តល់កាតក្រហម បណ្តេញចេញពីទីលានតែម្តង។ ការទទួលការពិន័កាតលឿង ២ដង គឺស្មើនឹងកាតក្រហម១ និងត្រូវបណ្តេញចេញទីលានភ្លាមៗដែរ។
៣៖ កាតក្រហម
កាតក្រហម គឺសម្រាប់ពិន័យបណ្តេញចេញពីទីលានតែម្តង មិនចំពោះតែកីឡាករទេ ថែមទាំងគ្រូបង្វឹក និងមន្រ្តីកីឡាឯទៀតដែរ ដែលបានបង្កកំហុសធ្ងន់ធ្ងរ និងមានរបួសស្នាម រួមទាំងកាយវិការហឹង្សាទៅលើគូបដិបក្ខទៀតនោះ។
លើសពីនេះទៀត កីឡាករនឹងទទួលបានកាតក្រហមតែម្តង ប្រសិនបើស្តោះទឹកមាត់ (spitting) ដាក់កីឡាករឯទៀត ឬក៏អាជ្ញាកណ្តាលជាដើម៕






