ប្រធានសហព័ន្ធ បង្ហាញបញ្ហាប្រឈមត្រូវដោះស្រាយ ដើម្បីឆ្លើយតបភាពរីកចម្រើនរបស់ប្រដាល់គុនខ្មែរ
05-02-2026 08:22
(ភ្នំពេញ)៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានគូសបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយ វិស័យកីឡាប្រដាល់គុនខ្មែរ កំពុងមានសន្ទុះរីកចម្រើនកាន់តែខ្លាំង ទាំងក្នុង និងក្រៅប្រទេស។ តួយ៉ាងកាលពីឆ្នាំ២០២៥ សហព័ន្ធបានសម្រេចសមិទ្ធផលជាច្រើន ក្នុងការនាំគុនខ្មែរទៅកាន់ពិភពលោក។ ទន្ទឹមជាមួយភាពរីកចម្រើននេះ ក៏មានបញ្ហាប្រឈមមួយចំនួន ដែលសហព័ន្ធត្រូវដោះស្រាយ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
នេះបើតាមការលើកឡើងក្នុងសន្និបាតវិសាមញ្ញបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល នាថ្ងៃទី០៤ ខែកុម្ភៈ ដែលមានការចូលរួមជាសក្ខីភាពពីលោក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងភាគីពាក់ព័ន្ធជាច្រើនផងដែរ។
សម្រាប់បញ្ហាប្រឈមដែលប្រធានសហព័ន្ធខាងលើបានលើកឡើង មានដូចជាទីស្នាក់ការសហព័ន្ធនៅតូចចង្អៀតសម្រាប់បម្រើការងារ ពុំមានសាលប្រជុំឲ្យបានសមរម្យ ពុំទាន់មានការចងក្រងបញ្ចប់សៀវភៅប្រវត្តិគុនខ្មែរ បច្ចេកទេស និងវិធីសាស្ដ្រហ្វឹកហាត់ តាមបែបវិទ្យាសាស្ដ្រសម្រាប់ផ្សព្វផ្សាយ ទាំងក្នុង និងក្រៅប្រទេស ហើយក្លិបមួយចំនួន ក៏មិនទាន់បានបំពេញបែបបទឲ្យបានត្រឹមត្រូវតាមលក្ខន្ដិកៈ និងបទបញ្ជាផ្ទៃក្នុងសហព័ន្ធ ក៏ដូចជាបណ្ណសម្គាល់ខ្លួនកីឡាករ-កីឡាការិនី និងសៀវភៅកត់ត្រាការប្រកួតឲ្យបានច្បាស់លាស់ជាដើម។
នេះគឺជាបញ្ហាដែលសហព័ន្ធបានដាក់ក្នុងទិសដៅផែនការការងារ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ ដើម្បីឈានទៅរកដំណោះស្រាយបញ្ហាប្រឈមខាងលើ ដោយសហព័ន្ធនឹងបន្ដខិតខំស្វែងរកដៃគូទាំងរដ្ឋ ឯកជន សប្បុរសជន ដើម្បីសាងសង់ទីស្នាក់ការ កន្លែងហ្វឹកហាត់ សាលប្រជុំឲ្យបានសមរម្យ ហើយព្យាយាមចងក្រងបញ្ចប់សៀវភៅប្រវត្តិគុនខ្មែរ បច្ចេកទេស និងវិធីសាស្ត្រហ្វឹកហាត់ តាមបែបវិទ្យាស្រ្ត ដើម្បីផ្សព្វផ្សាយនៅក្នុង និងក្រៅប្រទេស និងបន្តជំរុញបណ្តុះបណ្តាល ធនធានមនុស្សមានគ្រូបង្វឹក អត្តពលិក មន្ត្រីទាំងបច្ចេកទេស ទាំងភាសា និងលើកកម្ពស់កម្រិតគ្រូបង្ហាត់ ដែលអាចបង្ហាត់នៅក្រៅប្រទេសជាដើម។
ដោយឡែកពាក់ព័ន្ធនឹងសមាគម/ក្លិបសមាជិកវិញ លោក ខូវ ឆាយ ថាសហព័ន្ធក៏នឹងបន្ដពង្រឹងការអនុវត្តនីតិវិធីឲ្យបានត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងការបំពេញបែបបទស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធ ព្រមទាំងការជំរុញឲ្យកីឡាករ-កីឡាការិនី ពុំទាន់មានបណ្ណសម្គាល់ខ្លួន និងសៀវភៅកត់ត្រាការប្រកួតឲ្យមានគ្រប់ៗគ្នា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យប្រកួតរបស់កីឡាករ-កីឡាការិនីម្នាក់ៗ ក៏ដូចជាងាយស្រួលក្នុងការចាប់គូប្រកួតប្រចាំសប្ដាហ៍ ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានាផងដែរ៕









