អ្នកប្រើប្រាស់ Instagram នៅអាមេរិកជាង១ម៉ឺននាក់ កំពុងជួបបញ្ហា ខណៈមិនទាន់ដឹងមូលហេតុពិតប្រាកដ

05-02-2026 09:58

(បរទេស)៖ បណ្ដាញសង្គម Instagram បានជួបបញ្ហាដាច់សេវាកម្ម ដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ជាង ១០,០០០នាក់នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមទិន្នន័យពីគេហទំព័រតាមដានបញ្ហាសេវាកម្មអនឡាញ Downdetector និងត្រូវបានចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។

តាមរបាយការណ៍ អ្នកប្រើប្រាស់ជាច្រើនបានជួបបញ្ហា មិនអាចចូលគណនីបាន, មិនមានព័ត៌មានថ្មីលោតមក, និងកម្មវិធីដំណើរការយឺត ឬគាំង ទាំងលើទូរស័ព្ទ និងកំណែវេបសាយ។ ចំនួនការរាយការណ៍កើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លី បង្ហាញថាបញ្ហានេះមានវិសាលភាពមិនតូចនោះឡើយ។ Downdetector បង្ហាញទិន្នន័យដោយផ្អែកលើការរាយការណ៍ពីអ្នកប្រើប្រាស់ផ្ទាល់ មិនមែនជាចំនួនផ្លូវការពីក្រុមហ៊ុន Meta ទេ ប៉ុន្តែជាទូទៅ វាត្រូវបានគេប្រើជាចំណុចយោងសម្រាប់វាស់ស្ទង់ស្ថានភាពសេវាកម្មពេលមានបញ្ហា។

គិតរហូតមកទល់ពេលនេះ ក្រុមហ៊ុន Meta Platforms ម្ចាស់ Instagram មិនទាន់ចេញសេចក្ដីថ្លែងការណ៍ផ្លូវការ ពន្យល់ពីមូលហេតុ ឬកាលបរិច្ឆេទស្តារសេវាកម្មឲ្យធម្មតាវិញនៅឡើយទេ។ ក្នុងករណីមុនៗ ក្រុមហ៊ុនធ្លាប់ពិពណ៌នាបញ្ហាបែបនេះថាជា បញ្ហាបច្ចេកទេស ឬម៉ាស៊ីនមេ ហើយធ្វើការជួសជុលឲ្យបានឆាប់រហ័ស។

គួរជម្រាបថា Instagram គឺជាបណ្ដាញសង្គមធំមួយនៅលើពិភពលោក ដូច្នេះសូម្បីតែការរាយការណ៍ជាង ១០,០០០នាក់ ក៏អាចបង្ហាញពីបញ្ហាប្រព័ន្ធក្នុងតំបន់ ឬផ្នែកបច្ចេកទេសខ្លះៗបានដែរ៕