Shopee Cup៖ ព្រះខ័នរាជស្វាយរៀង ត្រៀមក្រឡុកក្រុមខ្លាំងសិង្ហបុរី ក្នុងជំនួបដ៏សំខាន់យប់នេះ

05-02-2026 10:26

(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបក្រុមខ្លាំងសិង្ហបុរី Lion City Sailors នាវេលាម៉ោង ៧៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅកីឡដ្ឋាន Jalan Besar ក្នុងជំនួបពានរង្វាន់ជើងឯកក្លិបអាស៊ាន ASEN Club Championship Shopee Cup 2025/26 ពូល B។

ជាមួយការប្រកួតដ៏សំខាន់នេះ លោក Matthew Mcconkey គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា បានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីតតាំងជាមួយ Lion City ដែលប្រជុំដោយកីឡាករមានគុណភាព និងធ្លាប់លេងនៅលីគធំៗ ព្រមទាំងមានប្រព័ន្ធការពារដ៏រឹងមាំ។ យ៉ាងណាលោកក៏បានបង្ហើបពីយុទ្ធសាស្ដ្រមួយចំនួន ដើម្បីក្រឡុកក្រុមខ្លាំងសិង្ហបុរីនេះផងដែរ។

គ្រូបង្វឹកវ័យ ៣២ឆ្នាំរូបនេះបន្ដថា «យើងដឹងហើយថា កីឡាករពួកគេមានកាយសម្បទាល្អ ដែលអាចផ្ដល់ផលពិបាកចំណុចបាល់ Set Pieces។ ដូច្នេះយើងមិនត្រូវបង្កើតឲ្យមានកំហុសច្រើននោះទេ ហើយការលេងដូចខាងក៏អាចបង្កឲ្យមានបញ្ហាផងដែរ។ តែយ៉ាងណាយើងនៅតែព្យាយាមលេងដូរខាងឲ្យបានច្រើន និងព្យាយាមគ្រប់គ្រងបាល់ឲ្យច្រើន ហើយនឹងព្យាយាមរកឱកាសឲ្យបានច្រើន ដើម្បីធ្វើយ៉ាងណាឲ្យពួកគេតាមបិទ ដើម្បីស្រួលកីឡាករយើងរកចន្លោះក្នុងការរកគ្រាប់បាល់»

គួរដឹងថា នេះគឺជាការប្រកួតទី៤ ក្នុងពូលរបស់ព្រះខ័នរាជស្វាយរៀង តែជាការប្រកួតចុងក្រោយ (ទី៥) របស់ Lion City ដ្បិតបច្ចុប្បន្នក្រុមទាំងពីរ រកបាន ៤ពិន្ទុស្មើគ្នា។ ប៉ុន្ដែជាការប្រកួតដ៏សំខាន់ សម្រាប់ក្រុមតំណាងកម្ពុជា ក្នុងការស្វែងរកជ័យជម្នះ ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងកៅអីវគ្គបន្ដ។ ការប្រកួតនេះក្រៅពីត្រូវការជ័យជម្នះ ព្រះខ័នរាជស្វាយរៀង ក៏ត្រូវចាំអ៊ុតលទ្ធផលជំនួបបញ្ចប់ពូល B រវាងក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី និងក្រុមម្ចាស់ផ្ទះ Nam Dinh របស់វៀតណាមនារាត្រីថ្ងៃព្រហស្បតិ៍នេះដែរ។

បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងមាន ៤ពិន្ទុ ឈរលេខ៣ តែសល់ ២ប្រកួតក្នុងដៃ តាមពីក្រោយ Johor Darul Ta’zim មាន ១០ពិន្ទុ ឈរលេខ២ តែសល់ ១ប្រកួតក្នុងដៃ។ ក្រុមទាំងពីរសុទ្ធតែនៅមានឱកាសឡើងវគ្គបន្ដ បន្ទាប់ពី Nam Dinh បានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។ យ៉ាងណាក្ដី Johor Darul Ta’zim កំពុងមានប្រៀប ទោះបីសល់ ១ប្រកួតក្នុងដៃ តែបើពួកគេរកបាន ១ពិន្ទុពីការប្រកួតថ្ងៃនេះ ពួកគេនឹងឡើងវគ្គបន្ដ តែបើចាញ់ ព្រះខ័នរាជស្វាយរៀង នឹងមានឱកាសអ៊ុតកៅអីវគ្គបន្ដ។

សម្រាប់ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីជួប Lion City របស់សិង្ហបុរី នឹងត្រូវរង់ចាំការប្រកួតជាមួយក្រុម Bakok United របស់ថៃ ដែលត្រូវបានពន្យារពេលប្រកួតកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ រហូតមកទល់ពេលនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ នៅមិនទាន់កំណត់កាលបរិច្ចេទថ្មី ក៏ដូចជាទីតាំងប្រកួតរវាងក្រុមទាំងពីរឡើយ ក្រោយក្រុមរបស់ថៃ មិនព្រមមកប្រកួតនៅទឹកដីកម្ពុជាកាលពីចុងខែមករាកន្លងទៅ៕