ធនាគារ «ABA» ពង្រឹងសេវាកម្ម ជាមួយការប្តូរទីតាំងថ្មីនៅសាខាក្រុងប៉ោយប៉ែត
05-02-2026 11:46
(ប៉ោយប៉ែត)៖ ធនាគារ ABA បានប្តូរទីតាំង សាខាក្រុងប៉ោយប៉ែត ទៅកាន់ទីតាំងថ្មីធំជាងមុន ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្តល់សេវាធនាគារទំនើប ផ្តោតលើភាពងាយស្រួលជូនអតិថិជននៅក្នុងតំបន់។ ជាមួយនឹងបរិក្ខារកាន់តែប្រសើរ និងបច្ចេកវិទ្យាទំនើប ការប្តូរទីតាំងនេះ ឆ្លុះបញ្ចាំងពីការគាំទ្រ និងការឆ្លើយតបរបស់ធនាគារចំពោះតម្រូវការ ដែលបន្ដកើនឡើងជាលំដាប់ពីសំណាក់អតិថិជន និងអាជីវកម្មនានានៅតំបន់ប៉ោយប៉ែត។
ទីតាំងថ្មីនេះ មានផ្ដល់នូវផលិតផល និងសេវាកម្មពេញលេញរបស់ធនាគារ ABA ជាមួយនឹងកន្លែងអង្គុយរង់ចាំធំទូលាយប្រកបដោយផាសុកភាព បន្ទប់ VIP ធំជាងមុនសម្រាប់ឯកជនភាពអតិថិជន ព្រមទាំងចំណតសមរម្យ ដែលរចនាឡើងដើម្បីបង្កើនភាពងាយស្រួល និងពង្រឹងគុណភាពសេវាកម្ម។
ដើម្បីបង្កើនលទ្ធភាពចូលប្រើសេវារបស់អតិថិជនកាន់តែប្រសើរ យើងបានពង្រីកកន្លែងស្វ័យសេវាប្រចាំសាខាឲ្យកាន់តែធំទូលាយជាងមុន ដោយមានបំពាក់នូវម៉ាស៊ីនទំនើបៗដូចជា ម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់, ម៉ាស៊ីនដាក់មូលប្បទានបត្រ (CDM), ម៉ាស៊ីនដក-ដាក់ប្រាក់ (CRM) ដែលអាចឲ្យអតិថិជនបំពេញតម្រូវការសេវានានាយ៉ាងរលូន គ្រប់ពេលវេលា។ ទីតាំងថ្មីនេះ ក៏មានម៉ាស៊ីនបើកកាត ដែលអតិថិជនអាចបើកកាត CSS និងកាតអន្តរជាតិ រួមមាន Visa, Mastercard, UPI ភ្លាមៗផងដែរ។
ABA សាខាក្រុងប៉ោយប៉ែត ស្ថិតនៅក្បាលដីលេខ ៩៤៩, ១០៦៧ និង១១១៦ ផ្លូវជាតិលេខ៥ ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកអ្នកអាចស្វែងរកទីតាំង នៅទីនេះ។ សាខានេះ បើកបម្រើអតិថិជនរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨ល្ងាច និងអាចទាក់ទងតាមលេខទូរស័ព្ទ ០៩៨ ២០៣ ០១៩។ សូមអញ្ជើញអតិថិជនមកកាន់ ABA សាខាក្រុងប៉ោយប៉ែត និងសូមទទួលយកភាពងាយស្រួលនៃការប្រើប្រាស់សេវាធនាគារនៅទីតាំងថ្មីនេះ៕








