TSMC បោះទុន ១៧ ពាន់លានដុល្លារ ផលិតបន្ទះឈីបកម្រិតខ្ពស់បំផុតនៅជប៉ុន
05-02-2026 13:56
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សតៃវ៉ាន់ TSMC កំពុងធ្វើឱ្យពិភពលោកចាប់អារម្មណ៍ខ្លាំង ក្រោយប្រកាសបង្កើនកញ្ចប់ថវិកាវិនិយោគរហូតដល់ ១៧ ពាន់លានដុល្លារ ដើម្បីបង្កើតខ្សែសង្វាក់ផលិតបន្ទះឈីបកម្រិត ៣ ណានូម៉ែត្រ (បច្ចេកវិទ្យាដែលតូច និងខ្លាំងបំផុតក្នុងលោក) នៅក្នុងខេត្ត Kumamoto ប្រទេសជប៉ុន។ គម្រោងថ្មីនេះ បង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រពីការផលិតបន្ទះឈីបកម្រិតមធ្យម មកជាការផលិតបច្ចេកវិទ្យាចុងក្រោយបង្អស់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦។
ជុំវិញការសម្រេចចិត្តដ៏ធំនេះ តំណាងក្រុមហ៊ុន TSMC បានបញ្ជាក់យ៉ាងច្បាស់កាលពីខែមករាថា៖ «បច្ចេកវិទ្យា និងកាលវិភាគនៃការបង្កើនផលិតកម្ម នឹងផ្អែកលើតម្រូវការរបស់អតិថិជន និងលក្ខខណ្ឌទីផ្សារ»។ ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនក៏បានបង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹងតាមរយៈការផ្តល់ជំនួយ និងការឧបត្ថម្ភធនផ្សេងៗ ដើម្បីទាក់ទាញវិនិយោគិនរូបនេះឱ្យពង្រីកសមត្ថភាពផលិតនៅតំបន់ Kyushu។
ទោះបីជាជប៉ុនមានក្រុមហ៊ុនក្នុងស្រុកឈ្មោះ Rapidus ដែលផលិតបន្ទះឈីបទំនើបដូចគ្នាក៏ដោយ ក៏រដ្ឋាភិបាលជឿជាក់ថានឹងមិនមានការដណ្តើមទីផ្សារគ្នាឡើយ។ យោងតាមសារព័ត៌មាន Yomiuri រដ្ឋាភិបាលបានវាយតម្លៃថា បន្ទះឈីបរបស់ក្រុមហ៊ុនទាំងពីរ «នឹងមានការប្រើប្រាស់ខុសៗគ្នា ហើយនឹងមិនមានការប្រកួតប្រជែងគ្នាឡើយ»។
គួរជម្រាបថា ការសម្រុកវិនិយោគរបស់ជប៉ុននាពេលនេះ គឺសបញ្ជាក់ឱ្យឃើញថា ការក្ដាប់ជាប់នូវប្រភពផ្គត់ផ្គង់បន្ទះឈីប ដែលជា «បេះដូង» នៃគ្រឿងអេឡិចត្រូនិក រថយន្ត និងវិស័យការពារជាតិ គឺជាអាទិភាពខ្ពស់បំផុតរបស់ជប៉ុន ក៏ដូចជាបណ្តាប្រទេសមហាអំណាចនានាលើសកលលោក ដើម្បីធានាសន្តិសុខសេដ្ឋកិច្ច និងបច្ចេកវិទ្យា៕2












