ពិព័រណ៍ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជា លើកទី២ បើកសម្ពោធជាផ្លូវការ ចាប់ពីថ្ងៃទី០៥-០៧ ខែកុម្ភៈ នៅមជ្ឃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
05-02-2026 14:02
(ភ្នំពេញ)៖ ពិធីបើកសម្ពោធជាផ្លូវការ នៃពិព័រណ៍ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជា លើកទី២ ត្រូវបានប្រារព្ធឡើងយ៉ាងជោគជ័យ និងមានកិតិ្តយសបំផុត ដែលប្រព្រឹត្តឡើង នៅមជ្ឃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អាគារ A រាជធានីភ្នំពេញ។
ពិធីសម្ពោធនេះ មានការចូលរួមក្រោមអធិបតីភាពលោក សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក នុត អ៊ុនវ័ណរ៉ា សភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ សភាពាណិជ្ជកម្មអ៊ីតាលី និងសភាពាណិជ្ជកម្ម សហភាពអឺរ៉ុបប្រចាំកម្ពុជា លោក GABERIELE FAJA និងសមាគមជាច្រើនផ្សេងទៀត។
ក្រុមហ៊ុនរៀបចំពិព័រណ៍ PROMETEO GROUP ដែលជាក្រុមហ៊ុនមកពីប្រទេសអ៊ីតាលី បានចាប់ដៃគូសហការ ជាមួយក្រុមហ៊ុនរៀបចំពិព័រណ៍ TWIN GOAT EXHIBITION & TRADING CO.,LTD. ដែលរួមគ្នាបង្កើត វេទិកាពិព័រណ៍ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជានេះ ជាលើកទី២ នៅលើទឹកដីកម្ពុជា ដោយសំលឹងឃើញពីភាពរីកចម្រើន និងសក្តានុពលពីទីផ្សារ របស់ប្រទេសកម្ពុជា ទើបមានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ក្រុមហ៊ុនបរទេស អញ្ជើញមកដាក់បង្ហាញផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លួននៅកម្ពុជា។
ពិព័រណ៍ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជាលើកទី២ ដែលប្រព្រឹត្តទៅថ្ងៃទី០៥-០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ពីម៉ោង៩ព្រឹក ដល់៦ ល្ងាច នៅមជ្ឃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អាគារ A រាជធានីភ្នំពេញ។
ពិព័រណ៍ពាណិជ្ជកម្មនេះ គឺជាវេទិកាប្រមូលផ្តុំ ទៅដោយអ្នកជំនួញ ពាណិជ្ជករ និងក្រុមហ៊ុនធំៗ ដែលអញ្ជើញមកពីប្រទេសអ៊ីតាលី ក្នុងគោលបំណងស្វែងរកដៃគូអាជីរកម្ម បណ្តាញទំនាក់ទំនង ដៃគូសហការប្រចាំតំបន់ លើសពីនេះទៅទៀត វេទិកានេះផ្តល់ឱកាសសម្រាប់លោក អ្នកស្វែងយល់ពីផលិតផល និងសេវាកម្ម ក៏ដូចជាបច្ចេកវិទ្យាសំខាន់ៗ ស្ទើរគ្រប់វិស័យ ដើម្បីជំរុញការអភិវឌ្ឍអាជីវកម្មរបស់លោក អ្នកឲ្យកាន់តែរីកចម្រើន។
ក្នុងនោះមានការតាំងបង្ហាញផលិតផល និងសេវាកម្មជាច្រើនប្រភេទ ចំនួន៨០ស្តង់ និងប្រមាណ ៥០ ក្រុមហ៊ុន ស្ទើរគ្រប់វិស័យដូចជា ម៉ាស៊ីនកសិកម្ម គ្រឿងសង្ហារឹម ម្ហូបអាហារ ភេសជ្ជៈ សម្ភារៈផ្ទះបាយ សម្ភារៈបន្ទប់ទឹក ផលិតផលគ្រឿងសម្អាង វិស័យគ្រឿងសំណង់ សម្លៀកបំពាក់ និងគ្រឿងអង្កោល ដែលសុទ្ធសឹងជាផលិតផល ដែលមានគុណភាពខ្ពស់ ស្តង់ដា ដែលនាំចូលពីប្រទេសអ៊ីតាលី ហើយក៏បន្ថែមជាមួយការរួមស្តង់ផលិតផលខ្មែរ ដែលជាផលិតផលក្នុង ស្រុកផងដែរ។
ពិព័រណ៍ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជា២០២៦ ក៏បានទទួលការគាំទ្រជាផ្លូវការពី ក្រសួងពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មអ៊ីតាលី ក៏ដូចជាសមាគមដទៃទៀត ក្នុងស្រុក។
តំណាងអ្នករៀបចំពិព័រណ៍ សូមគោរពអញ្ជើញលោក អ្នកចូលរួមទស្សនាដោយសេរី និងជាឱកាសជំនួបពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនមកពីប្រទេសអ៊ីតាលី។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ ០១០ ៧៩២ ២៤២៕













