NOCC គាំទ្រការផ្តួចផ្តើមបង្កើតសហព័ន្ធជាតិ កីឡា SAMBO នៅកម្ពុជា
05-02-2026 14:14
(ភ្នំពេញ)៖ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី០៥ ខែកុម្ភៈនេះ បានអនុញ្ញាតឲ្យលោក Maxim Zubachev គ្រូបង្វឹកកីឡា SAMBO កម្រិតអន្តរជាតិ និងជាតំណាងសហព័ន្ធកីឡា SAMBO អាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍកីឡា SAMBO នៅកម្ពុជា។
ក្នុងជំនួបខាងលើលោក Maxim Zubachev បានស្នើសុំការគាំទ្រពី NOCC សម្រាប់គំនិតផ្តួចផ្តើមបង្កើត សហព័ន្ធជាតិកីឡា SAMBO នៅកម្ពុជា ដើម្បីអភិវឌ្ឍន៍ធនធានអត្តពលិក និងបង្កើនសមត្ថភាពការហ្វឹកហាត់ឲ្យបានប្រសើរ។ លោកក៏បានបញ្ជាក់ថា សហព័ន្ធកីឡា SAMBO អាស៊ី និងសហព័ន្ធកីឡា SAMBO អន្តរជាតិ (FIAS) នឹងត្រៀមគាំទ្រកម្ពុជាលើការបញ្ជូនគ្រូបង្វឹកកម្រិតអន្តរជាតិមកបណ្តុះបណ្តាលក្នុងប្រទេស និងការឧបត្ថម្ភសម្ភារៈហ្វឹកហាត់ដែលចាំបាច់ផងដែរ។
ជាការឆ្លើយតបលោកបណ្ឌិត ថោង ខុន បានសម្តែងការគាំទ្រ ចំពោះការផ្តួចផ្តើមបង្កើតសហព័ន្ធជាតិកីឡា SAMBO ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាយុទ្ធគុននៅកម្ពុជា។ លោកបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះស្របទៅនឹងអនុស្សរណៈយោគយល់គ្នា (MoU) រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការអូឡាំពិករុស្ស៊ី ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២៥ កន្លងទៅ ហើយលោកសង្ឃឹមជឿជាក់ថា ការផ្តួចផ្តើមនេះនឹងរួមចំណែកជំរុញការអភិវឌ្ឍកីឡាយុទ្ធគុនកម្ពុជា ឈានទៅដណ្តើមមេដាយជូនជាតិ នៅក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនាពេលអនាគត។
សូមបញ្ជាក់ថា SAMBO ជាកីឡាយុទ្ធគុនការពារខ្លួន ដែលមានដើមកំណើតក្នុងឆ្នាំ១៩៣៨ នៅសហភាពសូវៀត (បច្ចុប្បន្នប្រទេសរុស្ស៊ី)។ សហព័ន្ធកីឡា SAMBO អន្តរជាតិ (FIAS) ទទួលបានការទទួលស្គាល់ពេញលេញពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA)។
បច្ចុប្បន្ន FIAS មានសហព័ន្ធជាតិជាសមាជិកចំនួន ១០៦ប្រទេស ក្នុងនោះកីឡា SAMBO ក៏ត្រូវបានដាក់បញ្ចូលនៅក្នុងព្រឹត្តិការណ៍មួយចំនួនក្រោមក្របខណ្ឌ OCA រួមមាន Asian Indoor & Martial Arts Games និង Asian Beach Games ហើយធ្លាប់បញ្ចូលនៅក្នុងកម្មវិធី Asian Games ផងដែរ។ ជាមួយគ្នានេះកីឡា SAMBO ក៏ត្រូវបាន OCA សម្រេចដាក់បញ្ចូលក្នុងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅប្រទេសអ៊ូសបេគីស្ថានផងដែរ៕







