ទូរស័ព្ទអាចនឹងឡើងថ្លៃ និងខ្វះទីផ្សារ! ក្រុមហ៊ុនឈីបយក្ស Qualcomm និង Arm រងគ្រោះធ្ងន់ដោយសារវិបត្តិខ្វះ Memory
05-02-2026 16:02
(បរទេស)៖ ឧស្សាហកម្មស្មាតហ្វូនពិភពលោកកំពុងជួបព្យុះភ្លៀងសារជាថ្មី បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Qualcomm និង Arm Holdings បានរាយការណ៍ពីការធ្លាក់ចុះនៃចំណូលយ៉ាងគំហុករហូតធ្វើឱ្យតម្លៃភាគហ៊ុនដាំក្បាលចុះដល់ទៅ ១០% និង ៨%។ មូលហេតុចម្បងមិនមែនមកពីបន្ទះឈីបលក់មិនដាច់នោះទេ ប៉ុន្តែគឺដោយសារវិបត្តិ `ខ្វះខាតមេម៉ូរី (Memory)» សកល ដែលកំពុងក្លាយជាឧបសគ្គរាំងស្ទះដល់ការផលិតទូរស័ព្ទ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦។
បញ្ហានេះមានន័យថា ទោះបីជា Qualcomm ផលិតបន្ទះឈីបបានច្រើនយ៉ាងណា ក៏ក្រុមហ៊ុនផលិតទូរស័ព្ទមិនអាចបញ្ចេញផលិតផលលក់លើទីផ្សារបានដែរ ព្រោះខ្វះគ្រាប់មេម៉ូរីសម្រាប់យកមកបង្គំចូលគ្នា។ លោក Cristiano Amon នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Qualcomm បានថ្លែងក្នុងរបាយការណ៍ហិរញ្ញវត្ថុថា៖ «ការខ្វះខាតមេម៉ូរី និងការឡើងថ្លៃ នឹងក្លាយជាចំណុចកំណត់វាសនានៃទំហំផលិតកម្មទូរស័ព្ទដៃពេញមួយឆ្នាំនេះ។ ជាអកុសល វិស័យទាំងមូលសុទ្ធតែរងផលប៉ះពាល់»។
យោងតាមអ្នកវិភាគពី J.P. Morgan និង Morningstar វិបត្តិដ៏តានតឹងនេះនឹងមិនចប់ត្រឹមឆ្នាំនេះទេ ពោលគឺអាចអូសបន្លាយទៅដល់ឆ្នាំ ២០២៧។ ជាមួយគ្នានេះ ទិន្នន័យពី Counterpoint Research បានព្យាករណ៍ថា ការនាំចេញបន្ទះឈីបស្មាតហ្វូនកម្រិតខ្ពស់នឹងធ្លាក់ចុះ ៧% ក្នុងឆ្នាំ ២០២៦ ដែលកត្តានេះនឹងធ្វើឱ្យតម្លៃទូរស័ព្ទដៃនៅលើទីផ្សារអាចនឹងហក់ឡើងថ្លៃ ខណៈម៉ូដែលថ្មីៗអាចនឹងចេញយឺតជាងការរំពឹងទុក។
គួរជម្រាបថា ដើម្បីរស់រានក្នុងស្ថានភាពនេះ ទាំង Qualcomm និង Arm កំពុងដកឃ្លាពីការរំពឹងលើទីផ្សារទូរស័ព្ទតែមួយមុខ ហើយងាកទៅសម្រុកលើការផលិតបន្ទះឈីបសម្រាប់ មជ្ឈមណ្ឌលទិន្នន័យ (Data Centers) និង បច្ចេកវិទ្យា AI វិញ ដែលជាទីផ្សារថ្មីផ្ដល់ប្រាក់ចំណេញខ្ពស់ និងមិនសូវរងសម្ពាធខ្លាំងដូចទីផ្សារទូរស័ព្ទនាពេលបច្ចុប្បន្ន៕












