Shopee Cup៖ ព្រះខ័នរាជ អស់ឱកាសឡើងវគ្គបន្ដ ទោះឈ្នះ Lion City ២-០ ក្រោយ Johor វាយបកស្មើ Nam Dinh
05-02-2026 22:02
(សិង្ហបុរី)៖ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានយកឈ្នះក្រុមម្ចាស់ផ្ទះ Lion City Sailors របស់សិង្ហបុរី ដោយលទ្ធផល ២-០ ក្នុងជំនួបពូល B នៃពានរង្វាន់ជើងឯកក្លិបអាស៊ាន ASEN Club Championship Shopee Cup 2025/26 នៅរាត្រីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ។ ប៉ុន្ដែការបន្ថែម ៣ពិន្ទុនេះ មិនអាចជួយឲ្យក្រុមកម្ពុជា រក្សាក្ដីសង្ឃឹមស្វែងរកកៅអីវគ្គបន្ដទៀតបានឡើយ ក្រោយក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី វាយបកស្មើក្រុមម្ចាស់ផ្ទះ Nam Dinh របស់វៀតណាម ១-១ នៅចុងម៉ោង។
ជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋាន Jalan Besar ខាងលើ ស្វាយរៀងធ្វើបានយ៉ាងល្អ ក្នុងការព្យាយាមដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះ។ ក្រោយរក្សាលទ្ធផល ០-០ នៅវគ្គទី១ កីឡាករ Patrick Robson បានស៊ុតបំប៉ោងសំណាញ់ទីក្រុម Lion City Sailors ២គ្រាប់ជាបន្ដបន្ទាប់ នៅនាទី៥២ និងនាទី៦៥ ជួយឲ្យព្រះខ័នរាជស្វាយរៀង នាំមុខ និងបានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយមិនឲ្យក្រុមជើងឯកសិង្ហបុរី មានឱកាសតដៃរួចឡើយ។
ប៉ុន្ដែជ័យជម្នះនេះ មិនអាចជួយឲ្យព្រះខ័នរាជស្វាយរៀង បន្ដក្ដីសង្ឃឹមស្វែងរកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀតបានឡើយ បន្ទាប់ពីក្រុម Johor Darul Ta’zim បានចែក ១ពិន្ទុជាមួយក្រុម Nam Dinh ក្នុងជំនួបបិទពូលB ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ។ លទ្ធផលនេះ ព្រះខ័នរាជស្វាយរៀង បានបន្ដឈរលេខ៣ រកបាន ៧ពិន្ទុ និងសល់ ១ប្រកួតក្នុងដៃ គ្រាដែលក្រុម Nam Dinh ឈរកំពូលតារាង មាន ១៣ពិន្ទុ និងក្រុម Johor Darul Ta’zim ឈរលេខ២ មាន ១១ពិន្ទុ ក្រុមទាំងពីរ បានដឹកដៃគ្នាឡើងវគ្គ ៤ក្រុមចុងក្រោយ។
សម្រាប់ ១ប្រកួតចុងក្រោយរបស់ព្រះខ័នរាជស្វាយរៀង គឺរង់ចាំការប្រកួតជាមួយក្រុម Bakok United របស់ថៃ ដែលត្រូវបានពន្យាពេលប្រកួត កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ រហូតមកទល់ពេលនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ នៅមិនទាន់កំណត់កាលបរិច្ចេទថ្មី ក៏ដូចជាទីតាំងប្រកួត រវាងក្រុមទាំងពីរឡើយ ក្រោយក្រុមរបស់ថៃ មិនព្រមមកប្រកួតនៅទឹកដីកម្ពុជា កាលពីចុងខែមករាកន្លងទៅ៕





