យល់ដឹងកីឡា៖ May Day នៅតែជាកីឡដ្ឋានធំជាងគេបំផុតក្នុងលោក ដែលមាន ១៥០,០០០កៅអីសរុប
06-02-2026 08:33
(បរទេស)៖ Rungrado May Day គឺជាកីឡដ្ឋានមានទំហំធំជាងគេបំផុតនៅលើពិភពលោកបច្ចុប្បន្ន ដោយមានសមត្ថភាពផ្ទុកអ្នកគាំទ្របាល់ទាត់ដល់ទៅ ១៥ម៉ឺននាក់ឯណោះ។ នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រ we build value។
កីឡដ្ឋានដ៏ធំមហិមានេះដែរ ស្ថិតក្នុងទីក្រុងព្យុងយ៉ាង (Pyongyang) ប្រទេសកូរ៉េខាងជើង ដែលបានបញ្ចប់ការសាងសង់នាអំឡុងឆ្នាំ១៩៨៩ ជាមួយនឹងទំហំផ្ទៃដី ២០.៧ហិចតា។
បើយោងតាមការចុះផ្សាយពីគេហទំព័រកីឡា Talk Sport របស់អង់គ្លេសវិញបានឱ្យដឹងថា កូរ៉េខាងជើងបានសាងសង់ កីឡដ្ឋាន May Day នេះឡើង ក្រោយពេលទីក្រុងសេអ៊ូល របស់កូរ៉េខាងត្បូងទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅ ដើម្បីបញ្ជាក់ថា ខ្លួនក៏ជារដ្ឋឯករាជ្យ និងមានសមត្ថភាពរៀបចំព្រឹត្តិការណ៍កីឡាចម្រុះនេះដែរ។
អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ កីឡដ្ឋានធំខ្លាំងនេះត្រូវបានប្រើប្រាស់សម្រាប់កម្មវិធីកីឡាផ្សេងៗ និងការជួបជុំទ្រង់ទ្រាយធំ និងជាពិសេសប្រើសម្រាប់ជាទីតាំងអបអរដល់មេដឹកនាំកូរ៉េខាងជើងជាដើម៕





