Leicester ត្រូវបានពិន័យកាត់ ៦ពិន្ទុ ពីបទបំពានច្បាប់ហិរញ្ញវត្ថុ
06-02-2026 09:43
(បរទេស)៖ ក្លឹបបាល់ទាត់អាជីព Leicester City ត្រូវបានពិន័យកាត់ ៦ពិន្ទុនារដូវកាល ២០២៥-២៦ ដោយ EFL ដោយសារបំពានច្បាប់ចាយលុយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ការកាត់ពិន្ទុនេះដែរ បានញាំងឱ្យក្រុមកញ្ជ្រោងខៀវមួយនេះ ធ្លាក់ពីលេខ១៧ ទៅកាន់លេខរៀងទី២០ ក្នុងតារាង Championship ជាបណ្តោះអាសន្នវិញ និងស្ថិតនៅក្រៅតំបន់កាត់ចេញពីក្របខណ្ឌទី២ នេះត្រឹមតែគ្រាប់បាល់ចំណេញប៉ុណ្ណោះ។
ទណ្ឌកម្មនេះធ្វើឡើង ក្រោយពេល Leicester ត្រូវបានរងពិន័យពីក្របខណ្ឌលីគកំពូលអង់គ្លេស Premier League កាលពីអំឡុងខែឧសភា ដែលបានរកឃើញល្មើសទៅនឹងបម្រាមហិរញ្ញវត្ថុ PSR ក្នុងរយៈពេល ៣ឆ្នាំជាប់គ្នា គិតចាប់តាំងពីរដូវកាល ២០២៣-២៤ មក។
អតីតក្រុមជើងឯកលីគ PL កាលឆ្នាំ២០១៦ Leicester បានធ្លាក់ចេញពីលីគកំពូលរដូវកាលមុន និងបានកំពុងត្រដាបត្រដួសផងដែរក្នុងក្របខណ្ឌ Championship 2025-26 ដោយពុំទាន់មានគ្រូបង្វឹកអចិន្រ្ទៃទៀតផង គិតចាប់តាំងពីដកលោក Marti Cifuentes ចេញពីតំណែងកាលខែមករា ឆ្នាំ២០២៦។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ Leicester បានឱ្យដឹងថា «ពួកយើងពិតជាខកចិត្តខ្លាំងណាស់ ចំពោះការសម្រេចនេះ។ បច្ចុប្បន្នពួកយើងបានកំពុងស្វែងរកជំនួយ ក្នុងករណីអាចពិចារណាឡើងវិញសម្រាប់ពួកយើង។ ពួកយើងនៅតែបន្តប្តេជ្ញា ធ្វើការជាមួយសហព័ន្ធ ដើម្បីធានាតម្លាភាព ជុំវិញដំណើរការហិរញ្ញវត្ថុក្លឹបដដែល»៕




